Swift cc time

កម្ពុជា-អារ៉ាប៊ីសាអូឌីត ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា)

ភ្នំពេញ៖ កម្ពុជា-អារ៉ាប៊ីសាអូឌីត ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ការឯកភាពនេះ ត្រូវបាលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ជំនួបនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ភាគីពាក់ព័ន្ធបានផ្លាស់ប្តូរយោបល់អំពីសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ជាពិសេសទីផ្សារអារ៉ាប៊ីសាអូឌីត៕


Khcct banner

អត្ថបទទាក់ទង