ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការគ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំកិច្ចប្រជុំលើកទី១ ឆ្នាំ២០២៦ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) ជាពិសេសការដោះស្រាយបញ្ហាប្រឈម និងសំណូមពរចំនួន ៥ របស់វិស័យសហគ្រាសធុនតូចនិងមធ្យម។
បើតាម អគរ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាង អគរ និង FASMEC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) អំពីបទប្បញ្ញត្តិ និងនីតិវិធីគយ សម្រួលពាណិជ្ជកម្ម គាំទ្រការអភិវឌ្ឍសមត្ថភាពប្រកួតប្រជែង និងពង្រឹងភាពជាដៃគូរវាងរដ្ឋបាលគយ និងវិស័យឯកជន។
ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានថ្លែងអំណរគុណចំពោះ អគរ ដែលបានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងសំណូមពររបស់ SMEs។ ជាការឆ្លើយតប លោក ផា អេងវ៉េង បានសម្តែងការស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងសមាជិក FASMEC ព្រមទាំងបានជម្រាបជូនអង្គប្រជុំអំពីយន្តការដែល អគរ បាននិងកំពុងអនុវត្តក្នុងការទទួល ពិភាក្សា និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វិស័យឯកជន។
អង្គប្រជុំបានពិភាក្សាលើសំណើ បញ្ហាប្រឈម និងសំណូមពរចំនួន ៥ របស់វិស័យសហគ្រាសធុនតូចនិងមធ្យម ដែលពាក់ព័ន្ធនឹង៖ (១) នីតិវិធីបំពេញបែបបទគយសម្រាប់ការនាំចេញនិងនាំចូល, (២) ការនាំចូលគ្រឿងម៉ាស៊ីន និងសម្ភារបរិក្ខារបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម, (៣) ការកំណត់មុខទំនិញនាំចូលឱ្យស្របតាមប័ណ្ណប៉ាតង់, (៤) យន្តការ ស្នើសុំការលើកទឹកចិត្តពន្ធនិងអាករ និង (៥) ការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយសម្រាប់ SMEs។
ជាលទ្ធផល អង្គប្រជុំបានពិភាក្សានិងដោះស្រាយបញ្ហាចំនួន ៣ ប្រកបដោយបរិយាកាសស្ថាបនា និងយោគយល់គ្នា ដោយឡែកបញ្ហាចំនួន ២ ទៀត តម្រូវឱ្យបន្តសម្របសម្រួលដោះស្រាយនៅកម្រិតអន្តរស្ថាប័ន។
ជាមួយគ្នានេះ អគរ និង FASMEC បានបញ្ជាក់ការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ស្របតាមអនុស្សរណៈ នៃការយោគយល់គ្នា តាមរយៈយន្តការពិគ្រោះយោបល់ទ្វេភាគី និងកិច្ចប្រជុំតាមការចាំបាច់ ដើម្បីពិនិត្យ និងដោះស្រាយ បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។ ភាគីទាំងពីរក៏នឹងបន្តសហការលើការផ្សព្វផ្សាយបទប្បញ្ញត្តិ និងនីតិវិធីគយ ការសម្រួលពាណិជ្ជកម្ម និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការបំពេញបែបបទបញ្ចេញទំនិញពីគយ៕