ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន លើកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដើម្បីជំរុញការអនុវត្តបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា ជាពិសេសបច្ចេកវិទ្យាពាក់ព័ន្ធនឹងការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ការចុះMoUនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក យិន ជីងមីង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា ក្វាងទុង ហុងសេង។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់ និងជំរុញការអនុវត្តបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដែលសមស្របសម្រាប់កម្ពុជា ជាពិសេសបច្ចេកវិទ្យាពាក់ព័ន្ធនឹងការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងផ្តោតលើការផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងបច្ចេកទេស ការសិក្សាលទ្ធភាព ការបង្ហាញបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធ ដែលកិច្ចសហប្រតិបត្តិការនេះ អាចជួយគាំទ្រដល់ការធ្វើទំនើបកម្មការគ្រប់គ្រងស្ថានីយជញ្ជីង និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងផ្អែកលើទិន្នន័យ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងសាធារណការ បានស្នើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ និងក្រុមហ៊ុន ត្រូវសហការ និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សា និងរៀបចំជាដំណោះស្រាយ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាយន្តការបន្ថែមដើម្បីទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងសូមទឹកចិត្តដល់ក្រុមហ៊ុនចូលរួមចំណែកដល់ការ លើកកម្ពស់ការកសាងសមត្ថភាពធនធានមនុស្ស និងបង្កើនជំនាញបច្ចេកវិទ្យាដែលខ្លួនមាននៅកម្ពុជា៕