ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការពិនិត្យគុណភាពប្រេងឥន្ធនៈរវាងក្រុមហ៊ុន លើការពិនិត្យគុណភាពប្រេងឥន្ធនៈ។ ការចុះMoUនេះ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនប្រេងឥន្ធនៈ Bright Victory Mekong Petroleum (BVM) និងក្រុមហ៊ុន Intertek នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនប្រេងឥន្ធនៈ BVM ចំពោះការរីកចម្រើននៃការធ្វើធុរកិច្ច ជាពិសេស ការបើកការដ្ឋានពង្រីកពោងស្តុកប្រេងឥន្ធនៈ និង ការបោះជំហានជាយុទ្ធសាស្រ្ត ក្នុងការពង្រឹងគុណភាពប្រេងឥន្ទនៈមួយកម្រិតទៀត តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុន Intertek ដែលជាក្រុមហ៊ុនដ៏ល្បី ទទួលបានការជឿទុកចិត្ត លើជំនាញឯកទេសការធានាអនុលោមភាព គុណភាពប្រេងឥន្ធនៈ។
លោកស្រីក៏បានថ្លែងអំណរគុណ ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ ទាំងអស់នៅកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រសើរ និងស្មារតីបត់បែនខ្ពស់ ក្នុងការចូលរួមដោះស្រាយវិបត្តិ ជាមួយរាជរដ្ឋាភិបាល។ លោកស្រីបានសង្កត់ធ្ងន់ លើការធ្វើធុរកិច្ចដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ស្មោះត្រង់ ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់និងជម្រាបជូនអំពីគំនិតផ្តួចផ្តើមរបស់ក្រសួងក្នុងការវាយតម្លៃនិងផ្តល់រង្វាន់ធុរកិច្ចលើការប្រកាន់ខ្ជាប់នូវគោលការណ៍ទំនួលខុសត្រូវសង្គម (CSR)។
លោកស្រីបញ្ជាក់ថា ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ រួមទាំងគ្រប់ស្ថានីយនិងដេប៉ូនៅ ក្នុងបណ្តាញចែកចាយរបស់ខ្លួនអនុវត្តឱ្យបានគត់មត់នូវបទដ្ឋានបច្ចេកទេសនិងគុណភាព សំដៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ សុចរិតភាព និងធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ អនុលោមតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន៕