ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ បានដឹកនាំក្រុមការងារពហុកីឡដ្ឋានជាតិ រួមជាមួយក្រុមហ៊ុន និងតំណាងក្រុមរាំ និងតារាចម្រៀងជាច្រើនរូប នាំយកថវិកាចំនួន ៧៩ ៥៥៥ ដុល្លារអាម៉េរិក បានមកពីការលក់សំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តីសប្បុរសធម៌«បេះដូងមួយ សំនៀងមួយ ដើម្បីគន្ធបុប្ផា» មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
លោក ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ បានដឹកនាំក្រុមការងារពហុកីឡដ្ឋានជាតិ រួមជាមួយក្រុមហ៊ុន Nano Sound , Kirisan Family, ក្រុមហ៊ុន STADIUM X, ក្រុមហ៊ុន STMARKET, តំណាងក្រុមរាំ និងតារាចម្រៀងជាច្រើនរូប នាំយកថវិកាជិត ៨ ម៉ឺនដុល្លារអាម៉េរិក បានមកពីការលក់សំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តីសប្បុរសធម៌ បេះដូងមួយ សំនៀងមួយ ដើម្បីគន្ធបុប្ផា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ព្រឹត្តិការណ៍នៃការប្រគុំតន្រ្តីនេះ បានរៀបចំធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលក់សំបុត្របានចំនួន ១៦ ២៣៨ សន្លឹក។
ជាមួយគ្នានេះ លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនពហុកីឡដ្ឋានជាតិ, ក្រុមហ៊ុន Nano Sound និងភាគីពាក់ព័ន្ធ រួមទាំង Kirisan Family, ក្រុមហ៊ុន STADIUM X, ក្រុមហ៊ុន STMARKET,ក្រុមរាំ និងតារាចម្រៀងទាំងអស់ ចំពោះការចូលរួមធ្វើឱ្យការប្រគុំតន្ត្រីសប្បុរសធម៌នេះទទួលបានជោគជ័យ។
បន្ថែមលើនេះ លោកស្រី ក៏បានថ្លែងអំណរគុណសាធារណជន ដែលបានទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌នេះ ដើម្បីបង្ហាញពីការចូលរួមលើកកម្ពស់ស្មារតី “ខ្មែរជួយខ្មែរ” ជាពិសេស ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា៕