ទីក្រុងស៊ីនីង៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានយកឱកាសក្នុងវេទិកាអន្តរជាតិក្នុងទីក្រុង Xining និងទីក្រុង Yushu, ខេត្តQinghai ប្រទេសចិន ដើម្បីផ្សព្វផ្សាយពី«សក្ដានុពល និង ឱកាសវិនិយោគ» ក្នុងខេត្តតាកែវរបស់លោក។ក្នុងវេទិកានោះ លោកបានធានាថា ខេត្តកែប មាន«សក្ដានុពល»គ្រប់គ្រាន់អំណោយផលដល់ ការវិនិយោគ ទាំងពេលបច្ចុប្បន្ន និង ទៅអនាគត។
ថ្លែងចេញពីវេទិកាអន្តរជាតិលើទឹកដីនៃទីក្រុង Xining លោក សោម ពិសិដ្ឋ បានអះអាងថា ខេត្តកែប ជាខេត្តមួយដែលមានសក្តានុពលច្រើនពីធម្មជាតិ មានលក្ខណៈទីតាំងភូមិសាស្រ្តល្អស្រស់បំព្រង ដោយមានចម្ងាយផ្លូវត្រឹមតែ ១៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានផ្លូវជាតិឆ្លងកាត់ចំនួន ២ខ្សែរគឺ លេខ៣៣ និង ៣៣អា និងផ្លូវរថភ្លើង ០១ខ្សែ ព្រមទាំងមានស្ថានីយ៍រថភ្លើង ០១កន្លែង ដែលជាចំណតសម្រាប់លើកដាក់ទំនិញ ការឡើងចុះរបស់ប្រជាពលរដ្ឋគ្រប់រូប ភ្ញៀវទេសចរ ព្រមទាំងសម្រាប់តភ្ជាប់ទំនាក់ទំនងទៅកាន់រាជធានី និងបណ្តាខេត្តនានាក្នុងប្រទេស។
បន្ថែមពីនេះ ខេត្តកែប របស់លោក មានសក្តានុពលជាច្រើនដូចជា៖ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ព្រែក ព្រៃកោងកាងធំៗ ស្រែអំបិលដែលជាសក្កានុពលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា មានវាលទំនាប ខ្ពង់រាប ជម្រាលភ្នំ គម្របព្រៃ ឧទ្យានជាតិដ៏ស្រស់បំព្រងនៅចំកណ្តាលទីក្រុង មានកោះ ១៣កោះ បាតសមុទ្រមានថ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះគ្រប់ប្រភេទ។ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ទីលានទុកដាក់សំរាមស្តង់ដារ ដែលជាកត្តាអំណោយផលខ្ពស់សម្រាប់ធ្វើការវិនិយោគទាំងពេលបច្ចុប្បន្ន និង ទៅអនាគត។
បើតាមលោក សោម ពិសិដ្ឋ ក្រៅអំពីសក្កានុពលធម្មជាតិ និង ការអភិវឌ្ឍន៍បន្ថែមរបស់រដ្ឋបាលខេត្ត នាពេលអនាគតដ៏ខ្លីខាងមុខខេត្តកែប នឹងមានព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ទាំងផ្ទៃដីគោក និងផ្ទៃទឹក នឹងក្លាយជាច្រកសេដ្ឋកិច្ចផ្លូវទឹកដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល និងតភ្ជាប់ទៅកាន់បណ្តាប្រទេសនានាលើសកលលោក។
លោកបានថ្លែងថា " ព្រែកជីកហ្វូណនតេជោ ក៏នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាគំនិតផ្តួចផ្តើមដោយរដ្ឋាភិបាលចិន ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីអាស៊ីទៅកាន់អ៊ឺរ៉ុប ដែលនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងជូនប្រជាជន និងសកលលោក។ ទន្ទឹមនេះ ក៏នឹងមានកំពង់ផែរដ៏ធំត្រូវបានកើតឡើងនៅលើទឹកដីខេត្តកែប នៃមាត់ច្រកព្រែកជីកហ្វូណនតេជោ ដែលជាកត្តាជំរុញខឿនសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តកែប និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់"។
លោក សោម ពិសិដ្ឋ គាំទ្រយ៉ាងពេញទំហឹង និងឥតងាករេនូវគំនិតផ្តួចផ្តើមកសាងព្រែកជីកហ្វូណនតេជោនេះឡើងដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងត្រូវបានបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រដ្ឋបាលខេត្តកែបរបស់លោក កំពុងខិតខំបន្តកសាង អភិវឌ្ឍឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត លើខេត្តទេសចរណ៍តំបន់ឆ្នេរដ៏សំខាន់មួយនេះឲ្យកាន់តែមានការរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនា សម្រាក លំហែកម្សាន្តឲ្យកាន់តែច្រើន សំដៅបង្កើតការងារ មុខរបរ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។ខិតខំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ទីក្រុង គ្រប់គ្រងបរិស្ថាន អនាម័យ ទីក្រុងប្រកបដោយសោភ័ណភាព និងរបៀបរៀបរយ។ គ្រប់គ្រងកាកសំណល់រឹង-រាវ រៀបចំតំបន់បៃតង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងសម្បទាទេសចរណ៍ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដោយធ្វើការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ ទីប្រជុំជន ដើម្បីងាយស្រួលធ្វើដំណើរ និងសុវត្ថិភាពទាំងយប់ ទាំងថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ បានតបណ្តាញទឹកស្អាត និងប្រព័ន្ធភ្លើងជូនប្រជាពលរដ្ឋប្រើប្រាស់នៅគ្រប់មូលដ្ឋាន ជាមួយនឹងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបានច្បាស់លាស់។
គួរបញ្ជាក់ថា ខេត្តកែបត្រូវបានប្រសិទ្ឋនាមថា “ ឆ្នេរសមុទ្រកម្ពុជាៈ តារារះនាទិសនិរតី” និងរាជរដ្ឋាភិបាលកំណត់ថា ជាខេត្តទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់។ ខេត្តកែបក៏បានរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តឆ្នាំ២០២១-២០៣៥ និងបានបែងចែក នឹងកំពង់អភិវឌ្ឍន៍នូវប៉ូលទេសចរណ៍សំខាន់ៗចំនួន៤ រួមមាន៖
- ទី១: ជាប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ គឺជាទីក្រុងបុរាណ និងធម្មជាតិ ដោយមានឆ្នេរស្រស់ស្អាត មានព្រែកោងកាង ឧទ្យានជាតិ សំណង់បុរាណជាដើម។ ទី២: ជាប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ ផ្សារភ្ជាប់ទៅនឹងសហគមន៍ និងការធ្វើដំណើរប្រកបដោយភាពស្រស់ស្រាយ។ ទី៣: ជាប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍ៈ ជាតំបន់កសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏សម្បូរបែប។ ទី៤: ជាប៉ូលទេសចរណ៍តំបន់សមុទ្រ និងប្រជុំកោះ ជាតំបន់ទេសចរណ៍សមុទ្រ កោះ ប្រណិតបែបធម្មជាតិ សម្បូរទៅដោយផ្កាថ្ម ជីវៈចំរុះបាតសមុទ្រ ឆ្នេរខ្សាច់កម្សាន្ត។
ខេត្តកែប ធ្លាប់ទទួលបានជ័យលាភីស្នាដៃជាបន្តបន្ទាប់ លើផ្នែកសោភណភាព បរិស្ថាន អប់រំ ទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនដូចជា៖ ពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង ៣លើកជាប់ៗគ្នា ពាន់រង្វាន់ ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ពានរង្វាន់ឡាបែលព្រែកកម្សាន្តស្អាត ពានរង្វាន់ឡាបែលឆ្នេរខ្សាច់កំសាន្តស្អាត ពានរង្វាន់ទីក្រុងស្អាតអាស៊ាន ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត។ វិញ្ញាបនបត្រទទួលស្គាល់ជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានលើសូចនាករខ្យល់ស្អាត និងឈានពីទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានទៅជា ទីក្រុងឈានមុខអាស៊ាន ព្រមទាំងបានចូលជាសមាជិកក្លិបឆ្នេរស្អាតក្នុងពិភពលោកនៅប្រទេសសេណេហ្គាល៕