ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង WWF បានជួបពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងភាពជាដៃគូ និងលទ្ធភាពរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព ជាពិសេសលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
នាថ្ងៃទី២៨ សីហា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយលោកស្រី សាង លី (Dr. Sang Lee) នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងលោក ជេនណេស អ៊ីម៉ាញូអែល ហ្គីនហ្គីន (Janes Imanuel Ginting) នាយកអង្គការ WWF ប្រចាំកម្ពុជា ពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ មិនត្រឹមតែជួយបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពិពិធកម្មគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏សំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ព្រមទាំងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានគូសរំលេចថា ក្រសួងទេសចរណ៍បាននិងកំពុងពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញសំខាន់ៗ រួមមាន បដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ ការឆុងកាហ្វេ ការចម្អិនម្ហូប និងភេសជ្ជៈ ការរៀបចំផ្ទះស្នាក់សហគមន៍ និងស្តង់ដារទេសចរណ៍ផ្សងព្រេងក្នុងព្រៃ។ ក្នុងឆ្នាំ២០២៥ ក្រសួងបានផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍ចំនួន ២៤ ដែលមានសិក្ខាកាមប្រមាណ ១,០០០ នាក់ និងក្នុងឆមាសទី១ ឆ្នាំ២០២៦ បានបណ្តុះបណ្តាលសហគមន៍ចំនួន ១៣ ដែលមានសិក្ខាកាម ៧០០ នាក់។
ជាលទ្ធផល ភាគីទាំងពីរនឹងពិនិត្យលើលទ្ធភាពរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ និងអង្គការ WWF ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព ជាពិសេសលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕