ទីក្រុងស៊ីនីង៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានបង្ហាញពីក្តីរំពឹងថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងប្រែក្លាយខេត្តតាកែវ ជាមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Hub) និងកំពង់ផែរណប ដែលនាំមកនូវរោងចក្រឧស្សាហកម្ម ការប្រមូលផ្តុំទំនិញ ការសម្រួលពាណិជ្ជកម្មឆ្លងដែន និងការកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើនសម្រាប់សហគ្រាស និងធុរកិច្ច។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកចូលរួមក្នុង “កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង” នៅថ្ងៃទី ២៩ ខែសីហា នៅទីក្រុងស៊ីនីង ប្រទេសចិន។
ក្នុងវេទិកានោះ លោក វ៉ី សំណាង ថ្លែងបង្ហាញពីភាពរីកចម្រើនជាក់ស្តែងនៅកម្ពុជា ជាពិសេសនាំយក«សក្ដានុពល និង ឱកាសវិនិយោគ» ក្នុងខេត្តតាកែវរបស់លោក ជាពិសេសខេត្តរបស់លោកទើបបើកការដ្ឋានសាងសង់”គម្រោងព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់ជាតិ។គម្រោងនេះបានឆ្លងកាត់ភូមិសាស្ត្រខេត្តតាកែវ ដោយភ្ជាប់ប្រព័ន្ធផ្លូវទឹកពីទន្លេមេគង្គ តាមរយៈទន្លេបាសាក់ តភ្ជាប់ដោយផ្ទាល់ទៅកាន់ឆ្នេរសមុទ្រកម្ពុជា។
បើតាមលោក វ៉ី សំណាង បានចាត់ទុក ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរស់ឡើងវិញនៃផ្លូវទឹកប្រវត្តិសាស្ត្របុរាណ ដោយភ្ជាប់ដែនដីអរីយធម៌ចំណាស់ទៅកាន់ពិភពលោកទំនើប ដោយបើកច្រកចេញទៅកាន់ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ដោយផ្ទាល់។ តាមរយៈព្រែកជីកនេះ នឹងប្រែក្លាយខេត្តតាកែវ ជាមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Hub) និងកំពង់ផែរណប ដែលនាំមកនូវរោងចក្រឧស្សាហកម្ម ការប្រមូលផ្តុំទំនិញ ការសម្រួលពាណិជ្ជកម្មឆ្លងដែន និងការកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើនសម្រាប់សហគ្រាស និងធុរកិច្ច។
លោកបានសង្កត់ធ្ងន់ថា "ខេត្តតាកែវ មានដីធ្លីធំទូលាយ កម្លាំងពលកម្មវ័យក្មេងច្រើន និងមានសក្តានុពលខ្ពស់ ប្រភពថាមពលអគ្គិសនីគ្រប់គ្រាន់។ យើងមានទីតាំងសមស្របបំផុតសម្រាប់ការបង្កើតជាសួនឧស្សាហកម្ម ដែលអ្នកវិនិយោគមកពីបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ-ឡានឆាង អាចវិនិយោគបង្កើតរោងចក្រកាត់ដេរ រោងចក្រកែច្នៃផលិតផល ផលិត តម្លើង គ្រឿងបង្គុំ គ្រឿងបន្លាស់ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត"។
គួរបញ្ជាក់ថា ខេត្តតាកែវ ក៏ត្រូវបានទទួលស្គាល់ថាជា «ជម្រុកស្រូវធំលំដាប់ទី៣ ក្នុងប្រទេស» និង ជាប្រភពផលិតផលកសិកម្ម និងវារីវប្បកម្មដ៏ធំរបស់កម្ពុជាផងដែរ។ ផ្លូវទឹកជាប្រវត្តិសាស្ត្រ ថ្មីនេះ នឹងផ្លាស់ប្តូរមុខមាត់នៃការដឹកជញ្ជូនកសិផល បន្លែ ផ្លែឈើត្រូពិច និងផលិតផលកសិ-ឧស្សាហកម្ម ពីខេត្តតាកែវ ទៅកាន់ទីផ្សារនៃបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ-ឡានឆាង ប្រកបដោយគុណភាព ប្រសិទ្ធភាព និងថ្លៃដើមទាប។នេះបើយោងតាមលោក វ៉ី សំណាង។
ក្នុងវេទិកាអន្តរជាតិនៅចិននេះ បានលោកអំពាវនាវ និងអញ្ជើញ អ្នកធុរកិច្ចជនទាំងអស់ ដើម្បីមកបណ្តាក់ទុនលើការចិញ្ចឹមសត្វ ការដាំដុះ ការកែច្នៃ ធ្វើការវិចខ្ចប់ដើម្បីនាំចេញទៅទីផ្សារតំបន់ និងពិភពលោក លើផលិតផលកសិកម្មដែលមានសក្តានុពលខ្ពស់នៅក្នុងខេត្តតាកែវ៕