
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ សំណូមពរពលរដ្ឋឱ្យប្រុងប្រយ័ត្ន ខណៈស្ថានភាពកូវីដបន្តកើនឡើងបានសំដែងការព្រួយបារម្ភ និងសំណូមពរឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ខណៈចំនួនអ្នកឆ្លងថ្មីនាពេលនេះបន្តកើនឡើង។
បើតាមសារពីឯកឧត្តម ហ៊ុន ម៉ានី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ស្របពេលដែលចំនួនអ្នកឆ្លងកូវីដនៅតែបន្តមាន។
ឯកឧត្តមបានបន្តទៀតថា ស្ថានភាពនៃការឆ្លងជំងឺកូវីដ ១៩ បានបន្តកើនឡើងខ្ពស់ ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រលប់មកពីប្រទេសថៃតាមព្រំដែនគោក។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី បាននឹងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍យ៉ាងម៉ឺងម៉ាត់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាថា បងប្អូនដែលបានចូលមកត្រូវបានធ្វើតេស្ត៍ និងធ្វើចត្តាឡីស័កត្រឹមត្រូវ។
យ៉ាងណាមិញ ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះឱ្យបានទទួលជោគជ័យ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់ និងបន្តផ្សព្វផ្សាយដល់បងប្អូននៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ នេះដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍៕