Swift cc time

ប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូង កោតសរសើរកម្ពុជាពីកិច្ចសហការបង្ក្រាបOnline Scam ក្រោយករណីពលរដ្ឋកូរ៉េរងគ្រោះ និងរាយការណ៍សុំជំនួយថយចុះជាង៩០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភព៖ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូង បង្ហាញក្ដីត្រេកអរជូនប្រមុខក្រសួងមហាផ្ទៃកម្ពុជា បន្ទាប់ពីកិច្ចសហការបង្ក្រាប Online Scam សម្រេចបានលទ្ធផលខ្ពស់។ ការសរសើរនេះ បន្ទាប់ពីករណីពលរដ្ឋកូរ៉េរងគ្រោះ និងរាយការណ៍សុំកិច្ចអន្តរាគមន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថយចុះដល់ទៅជាង៩០% ធៀបនឹងស្ថានភាពមុនពេលភាគីទាំងពីរបង្កើតយន្តការរួម។

នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបជាមួយលោក Kim Kyung-Hyup អគ្គនាយក នៃទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារពលរដ្ឋកូរ៉េនៅបរទេស ជួបពិភាក្សាការងារ។ ក្នុងជំនួបនោះ ភាគីកូរ៉េបានបង្ហាញក្ដីត្រេកអរចំពោះការសម្រេចបានលទ្ធផលយ៉ាងលឿនរហ័ស ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រវាងស្ថាប័នមានសមត្ថកិច្ចកូរ៉េ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមលោក Kim Kyung-Hyup ករណីពលរដ្ឋកូរ៉េរងគ្រោះ និងរាយការណ៍សុំកិច្ចអន្តរាគមន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថយចុះដល់ទៅជាង៩០ភាគរយ ធៀបនឹងស្ថានភាពមុនពេលភាគីទាំងពីរបង្កើតយន្តការរួម។

លោក Kim Kyung-Hyup បានលើកឡើងថា "កាលពីឆ្នាំមុន យើងមានកង្វល់ អំពីករណីស្កេមជាប់ពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជា។ ពេលយើងលើកកង្វល់នេះ ជូនរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា យើងក៏ទទួលបានការយកចិត្តទុកដាក់ និងខិតខំសហការដោះស្រាយភ្លាមៗ តាមរយៈការបង្កើតក្រុមការងាររួម កម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ជាតួអង្គធ្វើការរួមគ្នា"។

លោកមានប្រសាសន៍ទៀតថា គិតត្រឹមខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតិជនរងគ្រោះជាពលរដ្ឋកូរ៉េដែលបានរាយការណ៍ និងសុំជំនួយ បានថយចុះយ៉ាងគំហុក ហើយថាលទ្ធផលនេះ បានញ៉ាំងឱ្យឯកឧត្តមប្រធានាធិបតីកូរ៉េ ថ្លែងសរសើរមិនដាច់ពីមាត់ ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ជាទម្ងន់សច្ចធម៌មួយទៀត បន្ទាប់ពីអ្នកតំណាងរាស្ត្រកូរ៉េបានថ្លែងក្នុងសភារួចហើយថា ស្ថានភាពប្រទេសកម្ពុជា មិនអាក្រក់ដូចការផ្សព្វផ្សាយនោះឡើយ។

លោក ស សុខា បានថ្លែងអំណរគុណភាគីកូរ៉េ ទាំងការវាយតម្លៃប្រកបដោយសច្ចធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជាពិសេសការផ្ដល់ទំនុកចិត្តតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

តាមរយៈលទ្ធផលកម្ពុជាសម្រេចបានជារួម និងដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េផ្ទាល់នេះ លោក Kim Kyung-Hyup បានជម្រាបជូនលោក ស សុខា ថាឆាប់ៗខាងមុខនេះ កម្ពុជានឹងបានឃើញកំណើនប្រជាជនកូរ៉េ ទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ មកលេងកម្សាន្ត និងបណ្ដាក់ទុន ក្នុងនោះលោក Kim Kyung-Hyup ផ្ទាល់ រួមទាំងប្រតិភូកូរ៉េ នឹងចូលរួមជំរុញការផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងសក្ដានុពលរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង