ទីក្រុងស៊ីនីង៖ អភិបាលខេត្តកែប និងតាកែវ របស់ប្រទេសកម្ពុជា បានចូលរួមវេទិកា “Lancang – Mekong Cooperation Dialogue at the Source” នៅលើទឹកដីខេត្ត Qinghai ប្រទេសចិន និងបាននាំយក«សក្ដានុពល និង ឱកាសវិនិយោគ» ក្នុងខេត្តរបស់ខ្លួន ទៅចែករំលែកផ្សព្វផ្សាយ ក្នុងវេទិកាអន្តរជាតិ ដោយមានភ្ញៀវអន្តរជាតិជាច្រើននាក់ចូលរួម។
ក្នុងវេទិកាអន្តរជាតិ នៅខេត្ត Qinghai ប្រទេសចិន អភិបាលខេត្តទាំងពីររបស់កម្ពុជា គឺមាន៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ត្រូវបានផ្តល់ឱកាសឡើងថ្លែងមុនគេ ដើម្បីថ្លែងផ្សព្វផ្សាយពី «សក្ដានុពល និងឱកាសវិនិយោគ»ក្នុងខេត្តរបស់ខ្លួន ក្នុងវេទិកា និងបានបង្ហាញពីការរីកចម្រើនពិតជាក់ស្តែងរបស់កម្ពុជា ក្រោមការដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ខេត្តតាកែវ គឺជាដែនដីប្រវត្តិសាស្ត្រ ដែលត្រូវ បានទទួលស្គាល់ថាជា “ដែនដីអរីយធម៌ចំណាស់ និងជា អតីតរាជធានីនៃនគរភ្នំ ( ឬអាណាចក្រហ្វូណន)” ហើយខេត្តតាកែវសំបូរទៅដោយប្រាសាទបុរាណ និង ទីតាំងប្រវត្តិសាស្ត្រជាច្រើន ព្រមទាំងមានសិល្បៈតម្បាញសូត្រហូលផាមួងប្រពៃណីដ៏ល្បីល្បាញ។ យើងទាំងអស់គ្នា មានមោទនភាពយ៉ាងខ្លាំងក្នុងការរួមចំណែកថែរក្សា និង រំលេចនូវអត្តសញ្ញាណ វប្បធម៌ ជាមួយនឹងមេគង្គ-ឡានឆាង ឱ្យកាន់តែមានភាពលេចធ្លោឡើងលើឆាកអន្តរជាតិ។
បើតាម លោក វ៉ី សំណាង ថ្មីៗនេះខេត្តតាកែវរបស់លោក បានបើកការដ្ឋានសាងសង់ ”គម្រោងព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់ជាតិ។ គម្រោងនេះបានឆ្លងកាត់ភូមិសាស្ត្រខេត្តតាកែវ ដោយភ្ជាប់ប្រព័ន្ធផ្លូវទឹកពីទន្លេមេគង្គ តាមរយៈទន្លេបាសាក់ តភ្ជាប់ដោយផ្ទាល់ទៅកាន់ឆ្នេរសមុទ្រកម្ពុជា។សម្រាប់លោក សំណាង តាមរយៈព្រែកជីកនេះ នឹងប្រែក្លាយខេត្តតាកែវ ជាមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Hub) និងកំពង់ផែរណប ដែលនាំមកនូវរោងចក្រឧស្សាហកម្ម ការប្រមូលផ្តុំទំនិញ ការសម្រួលពាណិជ្ជកម្មឆ្លងដែន និងការកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើនសម្រាប់សហគ្រាស និងធុរកិច្ច។
លោកថ្លែងថា ខេត្តតាកែវ មានដីធ្លីធំទូលាយ កម្លាំងពលកម្មវ័យក្មេងច្រើន និងមានសក្តានុពលខ្ពស់ ប្រភពថាមពលអគ្គិសនីគ្រប់គ្រាន់ សមស្របបំផុតសម្រាប់ការបង្កើតជាសួនឧស្សាហកម្ម ដែលអ្នកវិនិយោគ បង្កើតរោងចក្រកាត់ដេរ រោងចក្រកែច្នៃផលិតផល ផលិត តម្លើង គ្រឿងបង្គុំ គ្រឿងបន្លាស់ និង ផលិតផលឧស្សាហកម្មផ្សេងៗទៀត។លោកអំពាវនាវ និង សូមអញ្ជើញ អ្នកធុរកិច្ចជនទាំងអស់ ដើម្បីមកបណ្តាក់ទុនលើការចិញ្ចឹមសត្វ ការដាំដុះ ការកែច្នៃ ធ្វើការវិចខ្ចប់ដើម្បីនាំចេញទៅទីផ្សារតំបន់ និងពិភពលោក លើផលិតផលកសិកម្មដែលមានសក្តានុពលខ្ពស់នៅក្នុងខេត្តតាកែវ។
ចំណែកលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងបង្ហាញពី«សក្ដានុពល និងឱកាសវិនិយោគ»ក្នុងខេត្តរបស់លោក ហើយក្រៅអំពីសក្កានុពលធម្មជាតិ និងការអភិវឌ្ឍន៍បន្ថែមរបស់រដ្ឋបាលខេត្ត នាពេលអនាគតដ៏ខ្លីខាងមុខខេត្តកែបនឹងមានព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ទាំងផ្ទៃដីគោក និងផ្ទៃទឹក ដែលនឹងក្លាយជាច្រកសេដ្ឋកិច្ចផ្លូវទឹកដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល និង តភ្ជាប់ទៅកាន់បណ្តាប្រទេសនានាលើសកលលោក។
បើតាមលោក សោម ពិសិដ្ឋ បានអះអាងថា តាមរយៈគម្រោង ព្រែកជីកហ្វូណនតេជោ នឹងបង្កើតឱ្យមានកំពង់ផែរដ៏ធំត្រូវបានកើតឡើងនៅលើទឹកដីខេត្តកែប នៃមាត់ច្រកព្រែកជីកហ្វូណនតេជោ ដែលជាកត្តាជំរុញខឿនសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តកែប និង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ហើយខេត្តកែប ក៏នឹងក្លាយជាប៉ូលថ្មីមួយក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង បន្ទាប់ពីព្រែកជីកហ្វូណនតេជោត្រូវបានជីកដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។
លោកថ្លែងថា "ក្នុងនាមរដ្ឋបាលខេត្តកែប ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេនូវគំនិតផ្តួចផ្តើមកសាងព្រែកជីកហ្វូណនតេជោនេះឡើងដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងត្រូវបានបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា វេទិកា “Lancang – Mekong Cooperation Dialogue at the Source” ត្រូវបានធ្វើឡើងលើទឹកដីទីក្រុងស៊ីនីង ខេត្ត Qinghai ប្រទេសចិន ដោយមានការចូលរួមពីតំណាងមន្ត្រីជាច្រើនមកពី៖ ចិន វៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា និងជាពិសេសក្រុមអ្នកវិនិយោគ អ្នកស្រាវជ្រាវ ជាច្រើននាក់៕