ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ចូលរួមជំនួបវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគក្រោម«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» ក្នុងគោលដៅទាក់ទាញការវិនិយោគប្រកបដោយគុណភាព បង្កើតការងារ ជំរុញការកែច្នៃកសិផលបន្ថែមតម្លៃ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅទីផ្សារនាំចេញ។
នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកអ្នកឧលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា និងជាប្រធានគណៈកម្មការសុខាភិបាល និងឱសថ រួមជាមួយអ្នកឧកញ៉ា លី ឆូកឆៃ និងឧកញ៉ា សូ សុខប៊ុនលីម សមាជិកសមាគម ចូលរួមក្នុងជំនួបជាមួយវិនិយោគិនក្នុងវិស័យកសិឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគក្រោម «ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា»។ ជំនួបនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងត្រូវបានរៀបចំដោយ ក.អ.ក. សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញពីទិដ្ឋភាពទូទៅនៃក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម ព្រមទាំងលក្ខខណ្ឌតម្រូវសម្រាប់គម្រោង និងកញ្ចប់លើកទឹកចិត្តបន្ថែមសម្រាប់វិនិយោគិន ដែលមានលក្ខណៈអនុគ្រោះលើសពីការលើកទឹកចិត្តទូទៅសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ឬ QIP Plus។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងជំនួបនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដែលជាវិស័យមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានសម្រាប់ការបង្កើនតម្លៃបន្ថែម ការបង្កើតការងារ និងការពង្រីកទីផ្សារនាំចេញ។ តាមទិន្នន័យដែលបានបង្ហាញ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាមានតម្លៃជាង ៣ ពាន់លានដុល្លារអាម៉េរិក ខណៈវិស័យកសិកម្មនៅតែផ្តល់ការងារដល់ប្រជាពលរដ្ឋជាងមួយភាគបីនៃកម្លាំងពលកម្មសរុប។
ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការតភ្ជាប់រវាងសមាជិក និងវិនិយោគិន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីពង្រីកឱកាសវិនិយោគ បង្កើនការផ្ទេរបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពក្នុងការកែច្នៃកសិផលនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា «ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» ត្រូវបានអនុម័តដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍឧស្សាហូបនីយកម្មកសិឧស្សាហកម្ម តាមរយៈគំរូអាជីវកម្ម «វិស័យឯកជនជាអ្នកអនុវត្ត ដោយមានការគាំទ្រពីផ្នែករដ្ឋ»។ ក្របខ័ណ្ឌនេះមានគោលដៅទាក់ទាញការវិនិយោគប្រកបដោយគុណភាព បង្កើតការងារ ជំរុញការកែច្នៃកសិផលបន្ថែមតម្លៃ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅទីផ្សារនាំចេញ៕