Swift cc time

ធនាគារនីហរ័ណ-អាហរ័ណចិន បង្ហាញជំហររឹងមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ភ្នំពេញ៖ ធនាគារនីហរ័ណ- អាហរ័ណចិន (China Eximbank) បញ្ជាក់នូវជំហររឹងមាំរបស់ខ្លួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

លោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ- អាហរ័ណចិន (China Eximbank) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាន នូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកក៏បានគូសបញ្ជាក់ផងដែរនូវ ជំហររឹងមាំរបស់ China Eximbank ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោក អូន ព័ន្ធមុន្នីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក Chen Huaiyu ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង China Eximbank ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា China Eximbank ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ដែលក្នុងរយៈពេលជាង ២ ទស្សវត្សន៍កន្លងមក, ទំហំឥណទានសម្បទានពី China Eximbank មានចំនួនសរុបប្រមាណ ៥ ៩០០ លាន ដុល្លារអាម៉េរិក។

ក្នុងនោះ China Eximbank បានធ្វើហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធរូបវន្តសរុបចំនួន ៧១ គម្រោង មានដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ចំនួន ៣៨ គម្រោង មានប្រវែងសរុបប្រមាណជាង ៣ ០០០ គម, ស្ពានឆ្លងទន្លេសាបចំនួន ២ កន្លែង, ស្ពានឆ្លងទន្លេម គង្គចំនួន ៤ កន្លែង, និងស្ពានឆ្លងទន្លេបាសាក់ចំនួន ៤ កន្លែង, វិស័យប្រព័ន្ធធារាសាស្ត្រចំនួន ១៧ គម្រោង, វិស័យអគ្គិសនីចំនួន ១២ គម្រោង ព្រមទាំងវិស័យផ្សេងទៀតចំនួន ៤ គម្រោង។ នេះបើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


Khcct banner

អត្ថបទទាក់ទង