Swift cc time

សក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ត្រូវបានដាក់បង្ហាញដល់សមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍វៀតណាមនាំមុខល្បីៗ និងធំៗប្រចាំប្រទេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងហូជីមិញ៖ សក្តានុពលទេសចរណ៍ដ៏សម្បូរបែប សភាពការណ៍ពិត និងកត្តាសុខសុវត្ថិភាពដ៏ល្អរបស់កម្ពុជា ត្រូវបានបង្ហាញក្នុងកម្មវិធី «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដល់សមាគមទេសចរណ៍វៀតណាម និងប្រតិបត្តិករទេសចរណ៍វៀតណាមនាំមុខល្បីៗ និងធំៗប្រចាំប្រទេសវៀតណាម។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងវៀតណាមឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសជាឱកាសសំខាន់សម្រាប់ជំនួបពិភាក្សា និងបង្កើតកិច្ចសហការរវាងក្រុមហ៊ុនទេសចរណ៍នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់តំណាងសមាគមទេសចរណ៍ វិស័យឯកជន អ្នកជំនាញ និងដៃគូទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមផ្សព្វផ្សាយពីសុខសន្តិភាព ស្ថិរភាព និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកទស្សនា និងវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

គួរបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Nguyễn Trùng Khánh ប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) ព្រមទាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំវៀតណាម ក៏ដូចជាតំណាងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍កម្ពុជា សមាគមទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ឯកជននៃប្រទេសទាំងពីរ និង Influeners ល្បីៗ សរុបជាង ១២០រូប នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕


Khcct banner

អត្ថបទទាក់ទង