ទីក្រុងហូជីមិញ៖ ក្រុមហ៊ុន Vietravel Corporation ជាក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងនាំមុខគេនៅវៀតណាម ចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសការពង្រីកកញ្ចប់ទស្សនកិច្ចទេសចរណ៍របស់ខ្លួននៅកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីក្រុងហូជីមិញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
លោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលបានជម្រុញឱ្យក្រុមហ៊ុន បង្កើតកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពជាដៃគូក្នុងវិស័យទេសចរណ៍ ដំណើរស្វែងយល់សក្តានុពលទេសចរណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមកខេត្តសៀមរាប និងតំបន់ឆ្នេររបស់កម្ពុជា។
ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីកញ្ចប់ទេសចរណ៍ “ទីក្រុងបុរាណ ៣ ក្នុងប្រទេស ៣” ដោយភ្ជាប់ទីក្រុងវេ (Huế) នៃប្រទេសវៀតណាម ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេស ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតជាមួយជើងហោះហើរថ្មីសម្រាប់ទីក្រុងបុរាណទាំង៣ ក្នុងប្រទេសទាំង៣។ តាមរយៈកញ្ចប់ទស្សនកិច្ចថ្មីនេះ ពិតជាអាចជម្រុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំង៣ ប្រទេសទី៣ និងពីគ្រប់ទិសទីនៃពិភពលោក។៕