Swift cc time

មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ទំនើប (AOC) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល)

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)” ថ្មី ដែលស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រការធ្វើទំនើបកម្មប្រតិបត្តិការ និងការរីកចម្រើនជារួមរបស់ក្រុមហ៊ុនអាកាសចរណ៍។

ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Air Cambodia និងជារដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia និងតំណាងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនទៀត។

បើតាមអាកាសចរណ៍ស៊ីវិល មជ្ឈមណ្ឌល AOC ថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការសម្រួលប្រតិបត្តិការហោះហើរដែលមានភាពស្មុគស្មាញ ស្របពេលដែលក្រុមហ៊ុនកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ ព្រមទាំងពង្រីកបណ្តាញហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិ។

មជ្ឈមណ្ឌល AOC ថ្មីនេះ មានតួនាទីសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុន Air Cambodia ដោយរួមបញ្ចូលការរៀបចំ និងត្រួតពិនិត្យជើងហោះហើរតាមពេលវេលាជាក់ស្តែង ការសម្របសម្រួលយន្តហោះ និងអាកាសយានិក ការគាំទ្រផ្នែកថែទាំយន្តហោះ ប្រតិបត្តិការលើដី និងការសម្របសម្រួលសេវាកម្មអ្នកដំណើរ។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹង សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព ភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រងចំពោះភាពមិនប្រក្រតីនៃប្រតិបត្តិការ។

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល AOC ថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន Air Cambodia ក្នុងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព និងគុណភាពសេវាកម្ម។ មជ្ឈមណ្ឌល AOC ថ្មីនេះនឹងផ្តល់មូលដ្ឋានគាំទ្រដ៏រឹងមាំសម្រាប់ការពង្រឹងប្រតិបត្តិការរបស់ក្រុមហ៊ុន និងជំរុញបន្ថែមទៀតនូវមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងការពង្រីកការតភ្ជាប់របស់កម្ពុជាជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង