Swift cc time

ក្រសួងកសិកម្ម ជំរុញឱ្យក្រុមហ៊ុនចិនជំនាញផ្នែកកសិកម្ម សិក្សាលទ្ធភាពបណ្ដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យភាគីក្រុមហ៊ុនចិនជំនាញផ្នែកកសិកម្ម ពន្លឿនការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីប្រែក្លាយឱកាសនេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នេះជាការលើកឡើងរបស់លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចពិភាក្សាការងារជាមួយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា និងក្រុមហ៊ុន Ji'an Agricultural and Rural Development Group Co.,Ltd នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

លោក គី ច័ន្ទរំដួល បានសង្កត់ធ្ងន់ថា ការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃ និងការបង្កើនការនាំចេញកសិផលកម្ពុជាដែលមានសក្តានុពលទៅកាន់ទីផ្សារដ៏ធំរបស់ចិន គឺជាកាតាលីករដ៏សំខាន់ដែលឆ្លើយតបទាំងស្រុងទៅនឹង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ ព្រមទាំងផ្តល់នូវតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចជាតិ។

ឆ្លើយតបទៅនឹងគោលបំណងពង្រីកការវិនិយោគរបស់ភាគីចិន លោក គី ច័ន្ទរំដួល បានគូសរំលេចពីបរិយាកាសវិនិយោគដ៏ប្រកបដោយភាពទាក់ទាញ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពនយោបាយពេញលេញនៅកម្ពុជា។

លោកបានបញ្ជាក់យ៉ាងច្បាស់អំពីការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការវិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលជាឆ្អឹងខ្នងគតិយុត្តដ៏រឹងមាំ ប្រកបដោយតម្លាភាព ក្នុងការធានាដល់សិទ្ធិ និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់វិនិយោគិនបរទេសគ្រប់រូបនៅកម្ពុជា។

លោកបានជំរុញឱ្យភាគីក្រុមហ៊ុនចិនពន្លឿនការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីប្រែក្លាយឱកាសនេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសបានលើកទឹកចិត្តឱ្យមានការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA) ដើម្បីជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យាទំនើប ដែលជាចលករជួយជំរុញកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខ៕


Khcct banner

អត្ថបទទាក់ទង