ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញសេចក្ដីជូនដំណឹងស្តីពីនីតិវិធីនៃការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីប្រជាកសិករ ឱ្យបានលម្អិតនិងកាន់តែច្បាស់ បន្ទាប់ពីមានព័ត៌មាន និងការលើកឡើងមួយចំនួនថា ធនាគារ ARDB បានផ្តល់ឥណទានដល់រោង ម៉ាស៊ីនកិនស្រូវក្នុងលក្ខណៈជំពាក់ ដែលជាការលើកឡើងមិនត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ធនាគារ ARDB ។
បើតាមសេចក្ដីប្រកាស ធនាគារ ARDB បានពន្យល់ថា ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ត្រូវបានអនុវត្តតាមគោលការណ៍ និងនីតិវិធីឥណទាន របស់ធនាគារ ARDB ដោយឆ្លងកាត់ការវាយតម្លៃលើសំមត្ថភាពអាជីវកម្ម តម្រូវការទុនបង្វិល លទ្ធភាពសង បំណុល និងលក្ខខណ្ឌឥណទានពាក់ព័ន្ធ។ បន្ទាប់ពីឥណទានត្រូវបានអនុម័ត និងលក្ខខណ្ឌចាំបាច់ត្រូវបាន បំពេញ, ចំនួនទឹកប្រាក់ឥណទាន ត្រូវបានបញ្ចូលក្នុងគណនីរបស់អតិថិជនជារោងម៉ាស៊ីនកិនស្រូវគ្រប់ចំនួន តាមទំហំឥណទានដែលធនាគារ ARDB បានអនុម័ត។ នេះជាការអនុវត្តធម្មតានៃការផ្តល់ឥណទានអាជីវកម្ម នៅក្នុងប្រព័ន្ធធនាគារ។
ជាមួយគ្នានេះ ដើម្បីធានាឱ្យការប្រើប្រាស់ឥណទានប្រព្រឹត្តទៅស្របតាមគោលការណ៍ លក្ខខណ្ឌ និងកម្មវត្ថុដែលបានអនុម័ត ធនាគារ ARDB បាននិងកំពុងអនុវត្តការតាមដាន និងត្រួតពិនិត្យការប្រើប្រាស់ ឥណទានរបស់អតិថិជនជាប្រចាំ ស្របតាមនីតិវិធីរបស់ធនាគារ។
ធនាគារ ARDB បានបញ្ជាក់សារជាថ្មីថា ថ្មីៗនេះ មានព័ត៌មាន និងការលើកឡើងមួយចំនួនថា ធនាគារ ARDB បានផ្តល់ឥណទានដល់រោង ម៉ាស៊ីនកិនស្រូវក្នុងលក្ខណៈជំពាក់ ជាការលើកឡើងមិនត្រឹមត្រូវ និងមិនស្របនឹងនីតិវិធីនៃការផ្តល់ និង បញ្ចេញឥណទាន់របស់ធនាគារ ARDB ឡើយ៕