ភ្នំពេញ៖ ក្រសួងការងារ និងក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ/ម្ហូបអាហារនៅកម្ពុជាចំនួន ៦ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារ ឱ្យកាន់តែទូលំទូលាយដល់យុវជន អតីតពលករ និងប្រជាពលរដ្ឋទូទៅ។
ក្រុមហ៊ុនដឹកជញ្ជូនដែលបានចុះ MoU នាពេលនេះមានដូចជា ជាមួយក្រុមហ៊ុន (ហ្គ្រេប) ខេមបូឌា ឯ.ក, ក្រុមហ៊ុន អិមវីអិល តាដា (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន LM Car Co., Ltd., ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក, ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវការបង្កើតកិច្ចសហការរួមគ្នានាពេលនេះ ដែលកើតចេញពីទំនាក់ទំនងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
លោកបន្តថា ការបង្កើតភាពជាដៃគូនេះ គឺជាកិត្តិយស និងការបើកទំព័រថ្មីនៃកិច្ចសហការជាផ្លូវការជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូន សេវាផ្គត់ផ្គង់ទំនិញផ្សេងៗរបស់ក្រុមហ៊ុនកាន់តែរលូន ព្រមទាំងផ្ដល់ឱកាសឱ្យក្រសួងពង្រីកការផ្សព្វផ្សាយសេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់យុវជន អតីតពលករ និងប្រជាពលរដ្ឋទូទៅផងដែរ។
រដ្ឋមន្រ្តីក្រសួងការងារបន្ថែមថា ការចុះMoUនេះ ក៏ជាការវិនិយោគសង្គមបែបយុទ្ធសាស្ត្រមួយ ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាលើកកម្ពស់យន្តការផ្តល់សេវាការងារ ព័ត៌មានទីផ្សារការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍទីផ្សារការងារ និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។
ទន្ទឹមនេះ បុគ្គលិកក្រុមហ៊ុន និងអ្នកបើកបរក៏មានឱកាសចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លានដោយឥតគិតថ្លៃ និងមានភាពបត់បែន ជាពិសេសអ្នករត់ម៉ូតូកង់បី។ ពួកគាត់អាចយកម៉ូតូទៅកែច្នៃដាក់សម្ភារៈជួសជុលគ្រឿងអគ្គិសនី បរិក្ខារត្រជាក់ និងជណ្តើរយន្តជាដើម ដើម្បីរកចំណូលបន្ថែម៕