ប្រទេសអ៊ូសបេគីស្ថាន៖ ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយធនាគារកណ្តាលអ៊ូសបេគីស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Timur Ishmetov ទេសាភិបាល ធនាគារកណ្តាលអ៊ូសបេគីស្ថាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។
បើតាមធនាគារជាតិនៃកម្ពុជា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនាទានលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការអភិវឌ្ឍ និងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់។
ជាមួយគ្នានេះ ទេសាភិបាល ធនាគារកណ្តាលអ៊ូសបេគីស្ថាន បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា និងបានកត់សម្គាល់ពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យហិរញ្ញវត្ថុ។
ក្នុងកិច្ចពិភាក្សានេះ ទេសាភិបាលទាំងពីររូប បានឯកភាពលើការចុះអនុស្សរណៈយោគយល់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធលើការងារមួយចំនួនដូចជា ការអនុវត្តនយោបាយរូបិយវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕