ភ្នំពេញ៖ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀតជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
លោក ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន។
ឯកអគ្គរាជទូតរូបនេះ ក៏បានលើកឡើងអំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១) ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និង ទី២) ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន ដោយឯកឧត្តមបានគូសបញ្ជាក់ពីគម្រោងរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង វិនិយោគ។
ភាគីទាំងពីរ ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍, កសិកម្ម, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យឯកអគ្គរាជទូតបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងរកឱកាសថ្មីៗបន្ថែមទៀតក្នុងការបោះជំហានរួមគ្នានាពេលអនាគត៕