ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ប្ដេជ្ញាចិត្តរួមគ្នាការពារអ្នកវិនិយោគិនចិននៅកម្ពុជា ដើម្បីគាំទ្របរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់សហគ្រាសចិនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដែលនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងពីធីប្រគល់-ទទួល សម្ភារៈកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ របស់ភាគីចិន ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព./ACU) នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនេះ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ជាមួយសហគ្រាសចិនមួយចំនួននៅកម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងប្រសិទ្ធភាព ចាត់វិធានការសកម្ម និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយគម្រោងដីធ្លីដែលបានរាំងស្ទះដល់សហគ្រាសអស់រយៈពេលជាច្រើនឆ្នាំ។
លោកបន្តថា ការណ៍នេះពិតជាបានការពារនូវផលប្រយោជ៍ស្របច្បាប់ដល់សហគ្រាសចិននៅកម្ពុជា ហើយសង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើឡើងបន្ថែមទៀត ហើយលោកបានសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យលើការប្រឆាំងអំពើពុករលួយ ដែលបានមកពីការខិតខំ។
បើតាមឯកអគ្គរាជទូតចិន ភាគីចិនមានបំណងធ្វើការជាមួយកកម្ពុជា ក្នុងគោលបំណងជំរុញការកសាងផ្លូវនៃភាពស្អាតស្អំ និងបន្តផ្តល់ការគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបានជូនដល់ភាគីកម្ពុជា ក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស សម្ភារនិងបរិក្ខា ដើម្បីជំរុញកិច្ចការប្រឆាំងអំពើពុករលួយ។
លោកបញ្ជាក់ថា ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ចិនគឺជាដៃគូពាណិជ្ជកម្មនិងជាប្រភពទុនវិនិយោគបរទេសដ៏ធំរបស់កម្ពុជា តាមទិន្នន័យក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានប្រមាណ ២២,២៨ ពាន់លានដុល្លារ កើនឡើង ២៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
ជាមួយគ្នានេះ បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ប.ព. បានមានប្រសាសន៍ថា បរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាព នៅតែជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ACU នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់។
លោកបន្តថា ACUនឹងបន្តគាំទ្របរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់សហគ្រាសចិនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដែលទង្វើនេះនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី៕