ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគមកពីរដ្ឋសេឡាំងហ្គ័រ ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងសិក្សាស្វែងយល់ពីបរិយាបទវិនិយោគ និងបទប្បញ្ញត្តិពាក់ព័ន្ធនានានៅកម្ពុជា។ កិច្ចពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងរវាងលោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Ng Sze Han ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ Selangor (Exco) ទទួលបន្ទុកវិនិយោគ ពាណិជ្ជកម្ម និងចល័តភាព។
ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី២០សីហា កន្លងទៅថ្មីៗនេះ ភាគីម៉ាឡេស៊ី (Invest Selangor) បានណែនាំអំពីព្រឹត្តិការណ៍ Selangor International Business Summit (SIBS) 2026 ដែលជាវេទិកាធុរកិច្ចថ្នាក់តំបន់ដ៏សំខាន់មួយសម្រាប់តភ្ជាប់សហគ្រិន និងវិនិយោគិនក្នុងតំបន់អាស៊ាន ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកឱកាសធុរកិច្ចរួមគ្នារវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក សួន សុផល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះភាគីម៉ាឡេស៊ីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានលើកឡើងដោយសង្ខេបអំពីច្បាប់និងបទប្បញ្ញត្តិ, កញ្ចប់លើកទឹកចិត្តប្រកបដោយភាពឆ្លាតវៃ ជាពិសេសសេវាការថែទាំវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ថា ជំនួបនេះជាជំហានដ៏សំខាន់មួយក្នុងការបើកទ្វារទទួលអ្នកវិនិយោគគិនបរទេស និងលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕