Swift cc time

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ដែល«លួចគ្រប់គ្រង និងក្លែងបន្លំគណនី Telegram»ដើម្បីឆបោកប្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចគ្រប់គ្រង (hacked) និងក្លែងបន្លំគណនី Telegram ដើរបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះ។

តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ រ.ម.ណ ភេទប្រុស ជនជាតិខ្មែរ បានលក់គណនីធនាគាររបស់ខ្លួនឱ្យទៅជនអនាមិកជាថ្នូរនឹងប្រាក់កម្រៃ។ បន្ទាប់មក ក្រុមឧក្រិដ្ឋជនបានយកគណនីធនាគារនោះ ទៅប្រើប្រាស់ធ្វើជាមធ្យោបាយទទួលប្រាក់ ក្រោយពីបានធ្វើសកម្មភាពលួចគ្រប់គ្រង (hacked) និងក្លែងបន្លំគណនី Telegram ដើរបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹក និងអំពាវនាវដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយផ្តល់ការងារតាមបណ្តាញសង្គម ដែលគ្មានប្រភពច្បាស់លាស់ ព្រោះអាចជាល្បិចកលអូសទាញឱ្យក្លាយជាឧបករណ៍បម្រើផលប្រយោជន៍ដល់ក្រុមឧក្រិដ្ឋជន។ ក្រៅពីនេះ ត្រូវជៀសវាងដាច់ខាតនូវការឱ្យខ្ចី ជួល ឬលក់គណនីធនាគារ និងឯកសារអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ទៅឱ្យបុគ្គលដទៃ ព្រោះសកម្មភាពទាំងនេះជាអំពើខុសច្បាប់ ដែលនាំឱ្យអ្នកប្រឈមមុខនឹងការជាប់ទោសទណ្ឌ ក្នុងនាមជាអ្នកសមគំនិត ឬជាអ្នកទទួលផលនៃបទល្មើស៕

Khcct banner

អត្ថបទទាក់ទង