Swift cc time

កម្ពុជាត្រូវបានកម្មវិធី “Race Across the World”ជ្រើសរើសជាគោលដៅនៃការប្រកួត ជាឱកាសផ្សព្វផ្សាយ បេតិកភណ្ឌ វប្បធម៌ ទៅពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ កម្មវិធី “Race Across the World” ជាកម្មវិធីទូរទស្សន៍លំដាប់អន្តរជាតិដ៏ល្បីល្បាញ បានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅនៃការប្រកួត ដែលជាឱកាសដ៏មានតម្លៃក្នុងការនាំយកសម្រស់ បេតិកភណ្ឌ វប្បធម៌ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ទៅបង្ហាញដល់ទស្សនិកជនជុំវិញពិភពលោក។

នាថ្ងៃទី២០ សីហា លោក ហួត ហាក់ បានឆ្លៀតជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្ម និងក្រុមអ្នកចូលរួមក្នុងកម្មវិធី «Race Across the World» មានសមាជិកចំនួន ៤២រូប ដឹកនាំដោយ លោក JAVIER LLANOS SANCHEZ ប្រធានក្រុមកម្មវិធី «Race Across the World» ក្នុងឱកាសរៀបចំការថតកម្មវិធីនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប។


ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជ្រើសរើសប្រាសាទតាព្រហ្មជាទីតាំងថតកម្មវិធីនាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកនូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងផលិតកម្មអន្តរជាតិ។

គួរបញ្ជាក់ថា កម្មវិធី «Race Across the World» គឺជាកម្មវិធីប្រកួតប្រជែងបែបផ្សងព្រេងឆ្លងកាត់ប្រទេសនានា ដោយអ្នកចូលរួមត្រូវធ្វើដំណើរក្រោមថវិកាកំណត់ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរក្នុងស្រុក ដែលផ្តល់ឱកាសឱ្យពួកគេស្វែងយល់ និងទទួលបទពិសោធន៍ដោយផ្ទាល់ពីជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី និងគោលដៅទេសចរណ៍នានាតាមដងផ្លូវ។ ក្នុងដំណើរប្រកួតនេះ កម្មវិធីបានឆ្លងកាត់ប្រទេសមួយចំនួន រួមមាន ចិន វៀតណាម កម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ នៅចក្រភពអង់គ្លេស កម្មវិធីនេះត្រូវបានចាក់ផ្សាយតាម BBC និងទាក់ទាញអ្នកទស្សនាជាប្រចាំប្រមាណ ៧ លាននាក់ ដល់ជិត ៨ លាននាក់ក្នុងមួយភាគ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានអ្នកទស្សនាច្រើនបំផុតនៅម៉ោងមាស (Prime Time)៕

Khcct banner

អត្ថបទទាក់ទង