Swift cc time

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជួបគណៈប្រតិភូក្រុងសៅក្វាន់ ជំរុញកិច្ចសហប្រតិបត្តិការ AI និងការវិនិយោគនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប កាលពីថ្ងៃទី២០ ខែសីហា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក Chen Yuqiang ប្រធានសមាគមមិត្តភាពជនជាតិចិនទៀជីវនៅក្រៅប្រទេស នៃទីក្រុងសៅក្វាន់ ខេត្តក្វាងទុង ប្រទេសចិន ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗលើវិស័យបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឌីជីថល ការវិនិយោគ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។

ក្នុងជំនួបនេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានស្វាគមន៍គណៈប្រតិភូ និងលើកឡើងថា កម្ពុជាមានស្ថិរភាពនយោបាយ ខណៈរាជរដ្ឋាភិបាលបន្តកែលម្អបរិយាកាសធុរកិច្ច និងបង្កើតលក្ខខណ្ឌកាន់តែអំណោយផលសម្រាប់វិនិយោគិនបរទេស។

លោកអ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ថា ទីក្រុងសៅក្វាន់មានសក្តានុពលខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធថាមពលកុំព្យូទ័រ ដែលអាចផ្សារភ្ជាប់ជាមួយតម្រូវការអភិវឌ្ឍវិស័យឌីជីថលរបស់កម្ពុជា។ ភាគីទាំងពីរអាចស្វែងរកឱកាសសហប្រតិបត្តិការលើសេវាថាមពលកុំព្យូទ័រឆ្លងដែន ការអនុវត្តបច្ចេកវិទ្យា AI និងការអភិវឌ្ឍឧស្សាហកម្មឌីជីថល។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក៏បានសម្តែងក្តីសង្ឃឹមថា ជំនួបនេះនឹងក្លាយជាឱកាសថ្មីមួយក្នុងការពង្រឹងទំនាក់ទំនងរវាងធុរជនកម្ពុជា និងចិន ព្រមទាំងជំរុញការតភ្ជាប់ធនធាន និងព័ត៌មានទីផ្សារ ដើម្បីបង្កើតឱកាសថ្មីៗក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការវិនិយោគឧស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។

លោក Chen Yuqiang បានឱ្យដឹងថា គោលដៅសំខាន់មួយនៃដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ គឺជំរុញកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងទីក្រុងសៅក្វាន់ និងកម្ពុជា ដោយមានបំណងផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ សម្រាប់សហគ្រាសកម្ពុជាដែលប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និង AI។

ចំណែកលោក Chen Junyang ប្រធានប្រតិបត្តិនៃសមាគម បានណែនាំអំពីការរីកចម្រើននៃបច្ចេកវិទ្យា AI ហេដ្ឋារចនាសម្ព័ន្ធថាមពលកុំព្យូទ័រ និងការអនុវត្តបច្ចេកវិទ្យាទាំងនេះនៅប្រទេសចិន។ លោកក៏បានអញ្ជើញសហគ្រិនកម្ពុជាទៅទស្សនកិច្ចនៅទីក្រុងសៅក្វាន់ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល កសិកម្មទំនើប ការអភិវឌ្ឍឧស្សាហកម្ម និងឱកាសវិនិយោគនានា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ព្រមទាំងគម្រោងសហប្រតិបត្តិការដែលមានសក្តានុពល ដោយបង្ហាញឆន្ទៈបន្តពង្រឹងទំនាក់ទំនង និងជំរុញគម្រោងពាក់ព័ន្ធឱ្យឈានទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ៕


Khcct banner

អត្ថបទទាក់ទង