ភ្នំពេញ៖ ក្រសួងបរិស្ថាន កំពុងបើកជ្រើសរើសយុវជនឱ្យចូលរួមប្រកួតប្រជែងរូបថត និងការប្រកួតប្រជែងវីដេអូខ្លី ក្រោមប្រធានបទ៖ ការក្រឡេកមើលការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ នៅកម្ពុជា (Eyes on Plastic Pollution in Mekong River Cambodia) ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង៖ ១-លើកកម្ពស់ការយល់ដឹងអំពីការបំពុលទន្លេដោយ សំណល់ប្លាស្ទិក តាមរយៈការជំរុញគំនិតច្នៃប្រឌិតក្នុងការផលិតរូបថត និងវីដេអូខ្លីផ្សព្វផ្សាយទាក់ទងនឹងការ ទប់ស្កាត់សំណល់ប្លាស្ទិកហូរចូលទន្លេ និងប្រភពទឹកសាធារណៈ និង ២-ចូលរួមលើកកម្ពស់ភាពស្អាត ជំរុញ ការបណ្តុះគំនិតស្រឡាញ់ និងថែរក្សាបរិស្ថានក្នុងចំណោមសាធារណជន។
កម្មវិធីនេះ ជ័យលាភីលេខ១៖ ទទួលបានថវិកា ១,០០០,០០០ រៀល និងប័ណ្ណសរសើរ ជ័យលាភីលេខ២៖ ទទួលបានថវិកា ៧០០,០០០ រៀល និងប័ណ្ណសរសើរ ជ័យលាភីលេខ៣៖ ទទួលបានថវិកា ៤០០,០០០ រៀល និងប័ណ្ណសរសើរ។ ចំណែកឯបេក្ខជនដែលជាប់ក្នុងដំណាក់កាលទី១ (Short list) នឹងត្រូវទទួលបានលិខិតសរសើរពីក្រសួងបរិស្ថាន។
សម្រាប់ការប្រកួតប្រជែងថតរូប បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ ៤៥ឆ្នាំ ដោយបេក្ខជនត្រូវតែមិនមែនជាអ្នកជំនាញថតរូបអាជីព ឬអ្នកជំនាញផលិតឯកសារផ្សព្វផ្សាយ។ រូបថតត្រូវបានវាយតម្លៃខ្ពស់ទៅលើអត្ថន័យនិងខ្លឹមសារ ជាជាងគុណភាព ឬកម្រិតភាពច្បាស់។ បេក្ខជនដែលចាប់អារម្មណ៍ សូមបំពេញពាក្យតាមរយៈ (https://forms.gle/JfWd8 BeAH tFXgSSZ7 ឬ Scan QR code) ត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ និងផ្ញើភ្ជាប់មកជាមួយនូវ ស្នាដៃរបស់ខ្លួន តាមរយៈតេឡេក្រាម (០១២ ៥៨ ៦២ ៧៦) មកក្រុម។
សម្រាប់ការប្រកួតប្រជែងវីដេអូខ្លី បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ ៤៥ឆ្នាំ។ វីដេអូត្រូវបានវាយតម្លៃខ្ពស់ទៅលើអត្ថន័យនិងខ្លឹមសារ ជាជាងគុណភាព ឬកម្រិតភាពច្បាស់។ បេក្ខជនដែលចាប់អារម្មណ៍ សូមបំពេញពាក្យតាមរយៈ (https://forms.gle/80qmRR WVWMSF8MGQ7 ឬ Scan QR code) ត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ និងផ្ញើភ្ជាប់មកជាមួយនូវស្នាដៃ របស់ខ្លួន តាមរយៈតេឡេក្រាម (០១២ ៥៨ ៦២ ៧៦) មកក្រុមការងារ៕