កំពង់ស្ពឺ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្តល់ផ្ទះ៦ខ្នង ដែលជាអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព នៅខេត្តកំពង់ស្ពឺ ដើម្បីជាការតបស្នងចំពោះពលីកម្មក្នុងបុព្វហេតុការពារទឹកដី ហើយក៏ជាការបន្តគិតគូរដល់ក្រុមគ្រួសារវីរកងទ័ពពលី។
នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានប្រគល់ផ្ទះថ្មីចំនួន៦ខ្នងដែលជាអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់គ្រួសារវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិកំពុងរស់នៅក្នុងស្រុកបសេដ្ឋ ស្រុកសំរោងទង ក្រុងឧដុង្គម៉ែជ័យនិងស្រុកថ្ពងនៃខេត្តកំពង់ស្ពឺ។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ លោកស្រីក៏បានណែនាំនិងផ្តាំផ្ញើដល់គ្រួសារនៃសពវិរកងទ័ពឱ្យខិតខំប្រឹងប្រែងក្នុងការដាំដុះ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម លើសពីនេះត្រូវបញ្ជូនកូនៗឱ្យចូលសិក្សារៀនសូត្រឱ្យបានគ្រប់គ្នា ដោយលោកស្រី បានធានាក្នុងការជួយមើលថែទាំ ការផ្ដល់ឱកាសការងារ ឬការជំរុញឱ្យមានជំនាញវិជ្ជាជីវៈ។ទន្ទឹមនោះសម្រាប់កូនៗ លោកស្រីនឹងជួយឱ្យពួកគេបានចូលបម្រើកងទ័ព ពេលដែលពួកគេធំនិងបានរៀនសូត្រចប់ នេះប្រសិនជាពួកគេចង់។
ក្រៅពីផ្តល់ផ្ទះថ្មី៦ខ្នងដល់គ្រួសារវីរកងទ័ពពលី លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចែកជូននូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់បន្ថែមផងដែរ។