Swift cc time

អគារទារកដ្ឋានចំនួន ២៣ និងអគារមត្តេយ្យសិក្សាចំនួន ១៣ នឹងលេចចេញរូបរាងឆាប់ៗនេះ ដើម្បីគាំទ្រការអភិវឌ្ឍសមត្ថភាពកុមារតូច

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) នឹងសាងសង់អគារទារកដ្ឋានចំនួន ២៣កន្លែង និងអគារមត្តេយ្យសិក្សាចំនួន ១៣កន្លែង។ គម្រោងនេះនឹងផ្តល់ឱកាស និងលើកកម្ពស់កុមារដែលមានអាយុចាប់ពី ០ឆ្នាំ ដល់ក្រោម ៦ឆ្នាំ ជាពិសេសកុមារតូចងាយរងគ្រោះ និងក្រខ្សត់ ឱ្យទទួលបានសេវាគាំពារ និងអភិវឌ្ឍសមត្ថភាពពេញលេញ។ នេះបើតាមគេហទំព័រក្រសួងអប់រំ នាថ្ងៃទី២០ សីហា ២០២៦។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា នាថ្ងៃទី២០ សីហា ២០២៦ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទារកដ្ឋានចំនួន ២៣កន្លែង និងអគារមត្តេយ្យសិក្សាចំនួន ១៣កន្លែង ត្រូវបានរៀបចំឡើងជាផ្លូវការ ក្រោមការគាំទ្រពីគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមការងារគម្រោង គ្រូបង្រៀន និងប្រជាពលរដ្ឋក្នុងសហគមន៍។

បើតាមក្រសួងអប់រំ អគារសិក្សាថ្មីទាំងនេះ ត្រូវបានរចនាឡើងប្រកបដោយស្តង់ដារ ដោយមានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រឹមត្រូវ ដូចជាការរៀបចំផ្លូវជម្រាលសម្រាប់ជនមានពិការភាពជាដើម។ ការគិតគូរយ៉ាងហ្មត់ចត់នេះ គឺដើម្បីធានាបាននូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ផាសុកភាព និងបរិយាបន្នសម្រាប់អ្នកសិក្សាគ្រប់រូប។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា សមិទ្ធផលនៃការសាងសង់នេះ មានគោលដៅចម្បងក្នុងការផ្តល់សេវាថែទាំ គាំពារ និងអប់រំកុមារតូចប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ គោលបំណងសំខាន់ គឺដើម្បីជំរុញឱ្យកុមារតូចគ្រប់រូបបានចូលរៀនទាន់ពេលវេលា និងរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស។

ការវិនិយោគលើវិស័យអប់រំកុមារតូចនៅកម្ពុជា គឺជាការវិនិយោគដ៏មានតម្លៃ និងមានសារៈសំខាន់បំផុត ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការលូតលាស់ទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទាបានពេញលេញល្អតាំងពីវ័យកុមារភាព ដែលជាទំពាំងស្នងឫស្សីសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត៕

Khcct banner

អត្ថបទទាក់ទង