Swift cc time

លោក ហួត ហាក់៖ "បើកចំហជើងមេឃ ផ្សារភ្ជាប់ការលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ សីហា បានជួបគ្នាជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ ដែលជាកាតាលីករដ៏សំខាន់សម្រាប់បង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីរៀបចំជាសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើសំណូមពរចំនួន២របស់វិស័យឯកជន រួមមាន៖ (១) ការពិចារណាលើគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទីផ្សារសក្តានុពលមួយចំនួន និងការពន្យារពេលការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចិនរហូតដល់ដំណាច់ឆ្នាំ, និង (២) សំណើសុំបង្កើតយន្តការពិសេសថ្នាក់ជាតិ សម្រាប់ជំរុញការស្តារវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីសម្របសម្រួលគោលនយោបាយពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សំដៅបង្កើនភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជើងហោះហើរ ដោយសារវិស័យទាំងពីរនេះមានទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងប្រទាក់ក្រឡាគ្នាដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន។

លោក ហួត ហាក់ បានបន្ថែមថា ទេសចរណ៍ និងអាកាសចរណ៍ត្រូវការការចូលរួមជាសហថាមពលពីរាជរដ្ឋាភិបាល វិស័យឯកជន ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកបង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញការស្តារវិស័យទេសចរណ៍ ដ៏ដូចជាជំរុញដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាន់តែមានសន្ទុះ៕

Khcct banner

អត្ថបទទាក់ទង