ភ្នំពេញ៖ ជនបរទេសដែលជាអ្នកគ្រប់គ្រងកម្មករនិយោជិតក្នុងរោងចក្រចំនួន ២នាក់ ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្រេចចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត តម្រូវឱ្យធ្វើកិច្ចសន្យាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២រូប ក្នុងនោះ១រូប នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិតនៅខេត្តកណ្ដាល និង១រូបទៀត នៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះបងប្អូនកម្មករនិយោជិត ធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខ បងប្អូនកម្មករនិយោជិត និងធ្វើកិច្ចសន្យាថា ឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។
ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងរបស់បងប្អូនកម្មករនិយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់ទៅលើរូបភាព និងសំឡេងពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និងការសារភាពរបស់សាមីជនផងដែរ។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនជាមានករណីបែបនេះជាលើកទី២ នាពេលខាងមុខ ជនបរទេសនោះនឹងប្រឈមការដកហូតបណ្ណការងារជនបរទេស និងបណ្តេញចេញពីកម្ពុជា។
បន្ទាប់ពីក្រសួងពិនិត្យមើលឃើញនូវការប្រើប្រាស់ភាសាមិនសមរម្យ និងអាកប្បកិរិយាមិនគប្បីចំពោះបងប្អូនកម្មករនិយោជិត អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បញ្ជាក់ថា ក្រសួងស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិន អ្នកគ្រប់គ្រង និងអ្នកជំនាញបរទេសមកធ្វើការ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែត្រូវគោរពច្បាប់ សុជីវធម៌ វប្បធម៌ខ្មែរ ជាពិសេសត្រូវគោរពសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរ។ កន្លែងការងារត្រូវជាកន្លែងដែលមានការគោរពគ្នាទៅវិញទៅមក មិនមែនជាកន្លែងសម្រាប់ការប្រើពាក្យសម្តី ឬអាកប្បកិរិយាប្រមាថមើលងាយនោះទេ ដើម្បីកសាងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយតាមការចង្អុលបង្ហាញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងតាមអ្វីដែលឯកឧត្តមរដ្ឋមន្ត្រីប្រកាន់ខ្ជាប់។
អ្នកនាំពាក្យរូបនេះ ណែនាំដល់បងប្អូនកម្មករនិយោជិតដែលបានឃើញ ឬរងនូវអំពើនានាក៏អាចជូនដំណឹងពីការប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ឬការមិនអនុវត្តលក្ខខណ្ឌការងារបានត្រឹមត្រូវនៅកន្លែងការងារ សូមទាក់ទងមកអធិការការងារ តាមរយៈប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ឬប្រព័ន្ធទូរសព្ទ Hotline លេខ «១២៨៦»៕