ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន១២រូប នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ទទួលបានគ្រឿងឥស្សរិយយសជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និងមេដាយការងារឆ្នើម ពីសមាគមអតីតយុទ្ធជនម៉ាឡេស៊ី។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បំពាក់គ្រឿងឥស្សរិយយសជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និងមេដាយការងារឆ្នើមរបស់សមាគមអតីតយុទ្ធជនម៉ាឡេស៊ី តាមរយៈលោក ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី នៅសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ដាតុក សារឌីន ប៊ីន អេចជេ បានលើកឡើងពីការមើលឃើញនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានលោកបណ្ឌិត គន់ គីម ជាសេនាធិការ បានលើកកម្ពស់ការបង្កើតទំនាក់ទំនងទ្វេភាគី ស្មារតីសាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ។ លើសពីនេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងពេលកំពុងកាន់តំណែងជាប្រធាន VECONAC ២០២៦ ដែលស្នាដៃដ៏សាកសមទទួលគ្រឿងឥស្សរិយ យសជាន់ខ្ពស់ពី សមាគមអតីតយុទ្ធជនម៉ាឡេស៊ី។
លោកបណ្ឌិត គន់ គីម សម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ប្រធានសមាគមអតីតយុទ្ធជនម៉ាឡេស៊ី និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីនាំយកនូវគ្រឿងឥស្សរិយយស មកប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សមាគមអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី មិនមែនជាទំនាក់ទំនងដែលកើតឡើងក្នុងថ្ងៃនេះទេ ប៉ុន្តែជាទំនាក់ទំនង ដែលបានកសាង និងពង្រឹងជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាននៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងផលប្រយោជន៍រួមរបស់អតីតយុទ្ធជន៕