ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានប្រកាសស្វាគមន៍ ចំពោះការចូលរួមរបស់អង្គការអន្តរជាតិទាំង៤ ដើម្បីចូលរួមរាយការណ៍ និង ការប្រឆាំងអំពើពុករលួយនៅប្រទេសកម្ពុជា។ការស្វាគមន៍នេះ ធ្វើឡើងក្នុងពេល ACU និងអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (PDP-Center) បានជួបគ្នា នៅព្រឹកថ្ងៃទី ១៧ សីហា ២០២៦។
ក្នុងជំនួបនោះ ACU បានគូសបញ្ជាក់ថា ការប្រឆាំងអំពើពុករលួយ មិនអាចសម្រេចបានដោយស្ថាប័នមួយតែឯងឡើយ តែត្រូវការទាំងច្បាប់ ស្ថាប័ន ការអនុវត្ត និងសំខាន់បំផុត គឺការចូលរួមរបស់សង្គម និងបានចាត់ទុកជំនួបជាមួយអង្គការNGO អន្តរជាតិ ទាំង៤ គឺ មិនមែនគ្រាន់តែជាការជួបសម្ដែងការគួរសមទេ ប៉ុន្តែជាវេទិកានៃការបើកចំហ ផ្លាស់ប្តូរបទពិសោធ និងស្វែងរកចំណុចរួមសម្រាប់ការងារ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាពិសេស ការអប់រំ បង្កាទប់ស្កាត់ ហើយចូលលម្អិតទៅក្នុងការងារលទ្ធកម្មនៅថ្នាក់ក្រោមជាតិ។
មុនកិច្ចពិភាក្សា ប្រធាន ACU លោក ឱម យ៉ិនទៀង បាននាំប្រតិភូទស្សនាផ្នែកមួយចំនួនរបស់ អបព ដូចជាបន្ទប់វិភាគពាក្យប្តឹង បន្ទប់ឃាត់ខ្លួន បន្ទប់ស្តាប់ចម្លើយ បន្ទប់រក្សាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល។លោកថា ពាក្យប្តឹងមួយ មិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកចូលអង្គភាពទេ ប៉ុន្តែជាសក្ខីកម្មនៃការចាប់ផ្តើមស្វែងរកការពិត វិភាគដោយវិជ្ជាជីវៈ និងការដោះស្រាយតាមច្បាប់ គឺជាផ្នែកមួយនៃការកសាងទំនុកចិត្តរបស់សាធារណជនចំពោះស្ថាប័នប្រឆាំងអំពើពុករលួយ។
ACU និងអង្គការសង្គមស៊ីវិលទាំ៤ បានឈានពី «ការផ្លាស់ប្តូរយោបល់» ទៅ «កិច្ចសហការជាក់ស្តែង» ដោយអង្គការទាំង៤ បានស្នើសុំកិច្ចសហការដោយផ្ទាល់ជាមួយ ACU លើនីតិវិធីការងារ ដើម្បីរួមចំណែកពង្រឹងតម្លាភាព និងសុចរិតភាព ជាពិសេសនៅថ្នាក់មូលដ្ឋាន និងក្នុងវិស័យលទ្ធកម្ម។សម្រាប់ ACU ចាត់ទុក នេះជាសញ្ញាដ៏មានន័យ ព្រោះការប្រឆាំងអំពើពុករលួយ មិនមែនជាកិច្ចការរបស់អ្នកអនុវត្តច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែជារបៀបវារៈរួមរបស់ស្ថាប័នរដ្ឋ សង្គមស៊ីវិល និង ប្រជាពលរដ្ឋ។
បើតាមសេចក្តីប្រកាសព័ត៌មាន ចាត់ទុកជំនួបថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាកំណត់ត្រានៃកិច្ចប្រជុំមួយព្រឹកទេ វាជាសារមួយថា៖ «នៅពេលស្ថាប័នរដ្ឋ និងសង្គមស៊ីវិលអាចអង្គុយជុំវិញតុតែមួយ និយាយដោយត្រង់ ស្តាប់គ្នាដោយបើកចិត្ត និងស្វែងរកវិធីធ្វើការជាមួយគ្នា—តម្លាភាពនឹងមិននៅត្រឹមជាពាក្យស្លោកទៀតឡើយ។ វាអាចក្លាយជាវប្បធម៌នៃការអនុវត្ត» ៕