ភ្នំពេញ៖ ក្រសួងអប់រំ បានពិភាក្សាបន្តកំំណែទម្រង់សាលារៀនឆ្ពោះទៅកាន់ PISA ទៅលើសិស្សអាយុ១៥ឆ្នាំ ដែលគោលបំណងសំខាន់ នៃ PISA គឺមិនមែនដើម្បីវាស់ថាតើសិស្ស «ចាំមេរៀន» បានច្រើនប៉ុនណានោះទេ ប៉ុន្តែគឺវាស់វែងលើ សមត្ថភាពក្នុងការយកចំណេះដឹងទៅប្រកួតប្រជែង និងដោះស្រាយបញ្ហាក្នុងជីវិតជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បើតាមក្រសួងអប់រំ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើសមាសភាគសំខាន់ៗមួយចំនួន ដូចជា៖ (១) ការវិភាគលើលទ្ធផលតេស្ត PISA កន្លងមក៖ ពិនិត្យមើលចំណុចខ្លាំង និងចំណុចខ្វះខាតរបស់សិស្សកម្ពុជាលើវិញ្ញាសាសំខាន់ៗទាំង ៣ (អំណាន, គណិតវិទ្យា, និងវិទ្យាសាស្ត្រ) (២) ការវាយតម្លៃវិធីសាស្ត្របង្រៀន និងរៀន ដោយផ្តោតលើ ការគិតបែបស៊ីជម្រៅ (Critical Thinking) និងការដោះស្រាយបញ្ហា (Problem-solving) ដែលជាស្នូលនៃ PISA (៣) ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងនាយកសាលា៖ ពិភាក្សាអំពីកញ្ចប់វិធានការបណ្តុះបណ្តាលគ្រូក្នុងការរៀបចំសំណួរ និងវិធីសាស្ត្របង្រៀនដែលស្របតាមក្របខ័ណ្ឌ PISA (៤) ការរៀបចំសម្ភារៈសិក្សា និងស្តង់ដាតេស្ត ដោយ ការបញ្ចូលគំរូសំណួរ PISA ទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃការពង្រឹងការអនុវត្តកំណែទម្រង់សាលារៀនគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលតេស្ត PISA ការបន្តពង្រឹងនិងពង្រីកសាលារៀនគំរូ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំកម្ពុជា ឆ្លើយតបនឹងស្តង់ដាក្នុងតំបន់ និងអន្តរជាតិ តាមរយៈការកែលម្អវិធីសាស្ត្ររៀន និងបង្រៀន ការបណ្តុះបណ្តាលគ្រូ និងកសាងភាពស៊ីសង្វាក់គ្នានៃគោលនយោបាយ ដើម្បីធានាថាគ្រប់ភាគីពាក់ព័ន្ធដើរលើទិសដៅតែមួយក្នុងការគាំទ្រដល់សាលារៀន ឆ្ពោះទៅបណ្តុះបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពប្រកួតប្រជែងសម្រាប់ទីផ្សារការងារ។
សម្រាប់កម្ពុជា ការអនុវត្តកម្មវិធី PISA មានគោលបំណង៖ ១) វាស់ស្ទង់សមត្ថភាពរបស់សិស្សកម្ពុជា អាយុ១៥ឆ្នាំ នៅកម្រិតមធ្យមសិក្សាទាំងចំណេះដឹង និងបំណិន លើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល ដែលលទ្ធផលអាចប្រៀបធៀបបានជាមួយនឹងប្រទេសទូទាំងពិភពលោក ២) សិក្សាអំពីស្ថានភាពសិស្សអាយុ ១៥ឆ្នាំ កត្តាសង្គម-សេដ្ឋកិច្ច កត្តាគ្រួសារ កត្តាគ្រូបង្រៀន កត្តាសាលារៀន និងសហគមន៍ក្នុងបរិបទកម្ពុជា ពោលគឺជា ការវាយតម្លៃលើស្ថានភាពនៃប្រព័ន្ធអប់រំកម្ពុជាទាំងមូល ៣) កំណត់បាននូវកិច្ចអន្តរាគមន៍គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំកម្ពុជានៅកម្រិតមធ្យមសិក្សា និង៤) ផ្តល់ជាភស្តុតាង និងទិន្នន័យអំពីកម្រិតសមត្ថភាពសិស្សអាយុ១៥ឆ្នាំ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងសូចនាករគុណភាពអប់រំ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG4.1.1c (កម្រិតសមត្ថភាពអប្បបរមារបស់សិស្សជាសកលនៅកម្រិតមធ្យមសិក្សា)។
គួរបញ្ជាក់ថា តេស្ត PISA (Programme for International Student Assessment ឬ កម្មវិធីអន្តរជាតិសម្រាប់ការវាយតម្លៃសមត្ថភាពសិស្ស) គឺជាការប្រឡង/វាស់វែងកម្រិតស្តង់ដាអន្តរជាតិ ដែលរៀបចំឡើងដោយអង្គការ OECD (Organisation for Economic Co-operation and Development) រៀងរាល់ ៣ ឆ្នាំម្តង ក្នុងនោះ កម្ពុជា បានចូលរួមអនុវត្តកម្មវិធី PISA ចំនួន ៣ លើករួចមកហើយ លើកទី១ នៅឆ្នាំ២០១៧ (PISA-D) , លើកទី២ PISA ២០២២ ,និង លើកទី៣ PISA ២០២៥៕