ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា” ដោយមានការចូលរួមពីគណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ថ្នាក់ដឹកនាំ ក.ប.ទ. ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ប្រមាណ ២០០រូប។
សិក្ខាសាលានេះ មានគោលបំណងចែករំលែកបទពិសោធផ្ទាល់របស់កម្ពុជាក្នុងការដាក់ឱ្យប្រើថ្នាល verify.gov.kh ទាំងផ្នែកបច្ចេកទេសនិងផ្នែកអនុវត្តតាមវិស័យ ទៅដល់ប្រតិភូអន្តរក្រសួងមកពីទីម័រឡេស្តេ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ជា វ៉ាន់ដេត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះថ្មីមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
លោកបន្ថែមទៀតថា ដើម្បីឱ្យការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលទទួលជោគជ័យត្រូវការកត្តារួមផ្សំមួយចំនួន រួមមាន ការសម្រេចចិត្តនយោបាយ កិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធដែលបង្កើតឡើងដោយធ្វើសមាហរណកម្មចូលគ្នាបាន ធនធានមនុស្សជំនាញ ធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមានកត្តារួមផ្សំមួយចំនួនអាស្រ័យតាមប្រទេសនីមួយៗ។
អនុវត្តតាមផែនការនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh និងកម្មវិធី DG SuperApp ដែលអាចផ្ដល់សេវាសាធារណៈបានឆាប់រហ័ស ងាយស្រួលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ និងមានសុវត្ថិភាពទិន្នន័យ ដែលជាហេតុនាំឱ្យថ្នាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា។ ក្រសួងកំពុងតែប្រែក្លាយថ្នាល verify.gov.kh ឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ(DPI) ដែលជួយបំពេញបន្ថែលលើ DPIផ្សេងទៀត ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ហើយជឿជាក់ថាកិច្ចសហការជាមួយទីម័រឡេស្តេឱ្យនឹងបានជោគជ័យ៕