Swift cc time

តុលាការកំពូល កម្ពុជា-វៀតណាម-ឡាវ រួមគ្នាបង្កើនប្រសិទ្ធភាពលើការងារចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលមានលក្ខណៈជាបណ្តាញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តុលាការកំពូល កម្ពុជា, វៀតណាម និងឡាវ នឹងរួមគ្នាបង្កើនប្រសិទ្ធភាពនៃការចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃបទល្មើសមានលក្ខណៈជាបណ្តាញ ដូចជាបទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ ព្រមទាំងការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែនជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូលកម្ពុជា។

ផ្អែកលើទិន្នន័យនៃសំណុំរឿងព្រហ្មទណ្ឌឆ្លងដែន និងសំណុំរឿងរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែន ដែលកើតមាននៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសរៀងៗខ្លួន អង្គសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន លើកទី៨ បានវាយតម្លៃខ្ពស់ចំពោះភាពចាំបាច់មិនអាចខ្វះបានក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាប និងដោះស្រាយសំណុំរឿងនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។

បើតាមសេចក្តីប្រកាសព័ត៌មាន ការបន្តលើកកម្ពស់គុណភាពចំណាត់ការរឿងក្តីនៃតុលាការជាប់ព្រំដែនប្រទេសទាំងបី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយធានានូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន។

អង្គសន្និសីទ បានបញ្ជាក់ពីការបង្កើតយន្តការទំនាក់ទំនង និងសម្របសម្រួលរវាង តុលាការខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ទំនាក់ទំនង និងផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែនឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រកបដោយតម្លាភាព និងយុត្តិធម៌។ ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams), ការត្រួតពិនិត្យគ្រឿងញៀន ការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារ ធនធានធម្មជាតិជាដើម។

ជាមួយគ្នានេះ អង្គសន្និសីទក៏ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងលើទិដ្ឋភាពច្បាប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។ ការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស រួមទាំងការលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌ និងភាពរឹងមាំនៃនីតិរដ្ឋស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន។

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ "សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨" នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ៕

Khcct banner

អត្ថបទទាក់ទង