ក្រចេះ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចុះទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។
កិច្ចប្រតិបត្តិការការពារ និងអភិរក្សធនធានដ៏កម្រ ដែលជា«រតនសម្បត្តិជាតិ»នេះ សម្រេចបានដោយមានការគាំទ្រពីប្រទេសបែលហ្ស៊ិក ក្រុមអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ដទៃទៀត អគ្គនាយកដ្ឋានជលផល និងអង្គការ WWF។
កិច្ចខិតខំប្រឹងប្រែងនេះ គឺសំដៅរក្សាឱ្យបាននូវតុល្យភាពរវាងការអភិរក្ស និងការលើកស្ទួយជីវភាពប្រជានេសាទនៅមូលដ្ឋាន តាមរយៈការគាំទ្របង្កើតប្រភពចំណូលថ្មីៗ។ ជាពិសេស ការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ គឺដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផលនេសាទ ព្រមទាំងលើកទឹកចិត្តសហគមន៍ឱ្យចូលរួមអភិរក្សនិងការទប់ស្កាត់បទល្មើសជលផល ដែលរួមចំណែកកាត់បន្ថយសម្ពាធដល់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕