ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែសីហានេះ បានរៀបចំពិធីបើកសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ផ្ទាល ផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា»។ ពិធីនេះ មានការអញ្ជើញចូលរួមរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងប្រធានគណៈប្រតិភូ នៃប្រទេសទីម័រឡេស្តេ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អ្នកសារព័ត៌មាន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តី លោក ជា វ៉ាន់ដេត បានលើកឡើងពីការបោះជំហានយ៉ាងឆាប់រហ័សនៃការងារបរិវត្តកម្មឌីជីថលនៅកម្ពុជា ត្រូវបានរៀបចំឡើងស្របគ្នាទៅតាមទិសដៅយុទ្ធសាស្ត្រនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋ និងធុរកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព ភាពជឿទុកចិត្ត និងតម្លាភាព។
លោកបន្ថែមទៀតថា ការបង្កើត និងដាក់ឱ្យដំណើរការផ្ទាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ត្រូវបានអភិវឌ្ឍឡើងដោយស្នាដៃផ្ទាល់របស់ក្រុមការងារបច្ចេកទេសជា កូនខ្មែរ ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងមានបំពាក់ QR ស្តង់ដា មានកម្រិតសុវត្ថិភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗនៃការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។
លោក ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់ថា កម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅលើបណ្ណបើកបរដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់ អាចរក្សាទុកនិងប្រើប្រាស់ បណ្ណបើកបរក្នុងទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញ ដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov ជាមួយ បណ្តាប្រទេសផ្សេងទៀត ដូចជា បង់ក្លាដេស ហ្សកស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន ឡាវជាដើម៕