ភ្នំពេញ៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។
ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញថា កន្លងមក ក្រសួងព័ត៌មានធ្លាប់បានផ្ដល់នូវសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដោយផ្តោតការផលិត និងការចែកចាយប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបាននូវសណ្តាប់ ធ្នាប់សង្គម។
ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកផលិតមាតិកាមួយចំនួនបានបំពានសេចក្ដីណែនាំ ក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ឬខ្វះការពិចារណាក្នុងការថែរក្សាវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងជាពិសេសការលើកតម្កើងសេចក្ដីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រី ដោយបានផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ អសីលធម៌ និងប្រើប្រាស់រូបរាងកាយស្ត្រីបង្ហាញរូបភាព អនាចារនិងស្រើបស្រាល ដើម្បីតែស្វែងរកការចាប់អារម្មណ៍និងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើឱ្យការលក់ផលិតផលរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងសីលធម៌សង្គម ជាតិខ្មែរ។