Swift cc time

ក្រសួងទេសចរណ៍ គាំទ្រការផលិត «ទេសចរណ៍ភាពយន្ត» ដែលជាអំណាចទន់ ដើម្បីទាក់ទាញភ្ញៀវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេស​ចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានជួបជាមួយគណៈប្រតិភូសមាគមភាពយន្តកម្ពុជា ដើម្បីជំរុញទេសចរណ៍ភាពយន្ត(Film Tourism) នៅកម្ពុជា។ តាមរយៈទេសចរណ៍ភាពយន្ត ត្រូវបានរំពឹងថានឹងអាចទាក់ទាញផលិតករភាពយន្តបរទេសឱ្យមកជ្រើសរើសកម្ពុជាជាទីតាំងថតភាពយន្ត និងជំរុញភ្ញៀវទេសចរឱ្យមកស្គាល់ និងទទួលយកបទពិសោធន៍នៅកម្ពុជាដោយផ្ទាល់។

នាថ្ងៃទី១៥ សីហា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយគណៈប្រតិភូសមាគមភាពយន្តកម្ពុជា ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា។ ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍ និងវិស័យភាពយន្ត ដោយប្រែក្លាយភាពយន្តទៅជាឧបករណ៍ផ្សព្វផ្សាយទេសចរណ៍ និងអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី បេតិកភណ្ឌ និងសម្រស់ធម្មជាតិរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ភាពយន្ត គឺជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅដល់បេះដូងទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោក និងបំផុសឱ្យពួកគេចង់មកស្គាល់កម្ពុជាដោយផ្ទាល់»។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ក្រសួងទេសចរណ៍ នឹងរៀបចំ សិក្ខាសាលាស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធ ពិភាក្សា និងរួមគ្នាកំណត់យន្តការ និងទិសដៅអាទិភាពក្នុងការប្រើប្រាស់វិស័យភាពយន្តជាចលករថ្មីមួយ សម្រាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរមកកាន់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង