Swift cc time

ក្រសួងព័ត៌មាន រំលឹកឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ត្រូវផលិត ឬផ្សព្វផ្សាយដោយទទួលខុសត្រូវ ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសឱ្យអ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ត្រូវផលិត និងផ្សព្វផ្សាយមាតិកា ប្រកាន់ខ្ជាប់នូវច្បាប់ ក្រមសីលធម៌និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចំពោះសង្គម ព្រមទាំងការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះមាតិកាដែលខ្លួនបានផលិត បង្ហោះ ចែករំលែក ឬផ្សព្វផ្សាយ និងការគោរពសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ក្រសួងបានប្រាប់ឱ្យចៀសវាងការផលិត ធ្វើបទសម្ភាសន៍នានា ការបង្ហោះ ការចែករំលែក ឬការផ្សព្វផ្សាយ មាតិកាដែលមានលក្ខណៈញុះញង់ បង្កហេតុ បង្កជម្លោះ ឬជំរុញឱ្យមានការស្អប់ខ្ពើម, ជេរប្រមាថ បរិហារ កេរ្តិ៍ បន្ទាបបន្ថោក ឬធ្វើឱ្យអ្នកដទៃអាម៉ាស់, មាតិកាអាសអាភាស អនាចារ ឬផ្ទុយនឹងសីលធម៌ និង គុណតម្លៃល្អរបស់សង្គមខ្មែរ, មាតិកាដែលប្រមាថមើលងាយ ឬប៉ះពាល់ដល់តម្លៃ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រី, ព្រមទាំងការប្រើប្រាស់រូបភាព វីដេអូ សំឡេង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា ឌីជីថលផ្សេងទៀត ដើម្បីកែច្នៃ បំភ្លៃ ឬបង្កើតមាតិកាដែលបំពានសិទ្ធិ និងបង្កការខូចខាតដល់អ្នកដទៃ និងមាតិកាដែលយករូបរាង រាងកាយ ជីវិតឯកជន ឬភាពងាយរងគ្រោះរបស់ស្ត្រីមកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ បង្កើនចំនួនអ្នកមើល ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្ម ដោយបន្ទាប បន្ថោកកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ក្រសួងព័ត៌មាននឹងអនុវត្តវិធានការរដ្ឋបាលតាមសមត្ថកិច្ចចាប់ពីការណែនាំ ការព្រមាន ការតម្រូវឱ្យកែតម្រូវ ឬដកចេញមាតិកាដែលមានបញ្ហា រហូតដល់ការពិនិត្យឡើងវិញនូវលក្ខខណ្ឌ និង អនុលោមភាពនៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ដែលបានចេញដោយក្រសួងព័ត៌មាន និងចាត់វិធានការ រដ្ឋបាលផ្សេងទៀតស្របតាមច្បាប់ ការចុះបញ្ជីឬការអនុញ្ញាតផ្សេងទៀត និងបទប្បញ្ញត្តិជាធរមាន។ ក្នុងករណីរកឃើញថា អំពើនោះមានសញ្ញានៃបទល្មើស ឬស្ថិតក្រោមសមត្ថកិច្ចរបស់ ស្ថាប័នផ្សេង ក្រសួងព័ត៌មាននឹងបញ្ជូនករណី ឬសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធាន ការតាមផ្លូវច្បាប់។

ចំណែកអ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកគ្រប់គ្រងគេហទំព័រ ឬគណនីបណ្តាញសង្គម ដែលមិនស្ថិតក្នុងវិសាលភាពអ្នកសារព័ត៌មាន ក្រសួងព័ត៌មាននឹងសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បី អនុវត្តវិធានការសមស្របទៅតាមស្ថានភាពជាក់ស្តែង រួមមាន ការអប់រំ និងណែនាំ ការព្រមាន ការស្នើ ឱ្យកែតម្រូវ ឬដកចេញមាតិកាដែលបំពាន ការសម្របសម្រួលជាមួយអ្នកផ្តល់សេវា ឬវេទិកាឌីជីថល តាមនីតិវិធីជាធរមាន និងវិធានការផ្សេងទៀតតាមសមត្ថកិច្ច។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវ អនុវត្តដោយភ្ជាប់ជាមួយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់។ សេរីភាពមិន អាចត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬបង្ក ផលប៉ះពាល់ដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គមឡើយ៕

Khcct banner

អត្ថបទទាក់ទង