Swift cc time

អ្នកជំនាញជលផលនៃបណ្តាប្រទេសភាគីនៃអាងទន្លេមេគង្គ ចូលរួមសិក្ខាសាលានៅកម្ពុជាលើការពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលទន្លេមេគង្គ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលអ្នកជំនាញជលផលមកពី៥ប្រទេស និងប្រតិភូនៃបណ្តាប្រទេសភាគីនៃអាងទន្លេមេគង្គ ដើម្បីចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី«ការរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលទន្លេមេគង្គ»ដែលប្រព្រឹត្តទៅនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនេះ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា អាងទន្លេមេគង្គ និងបឹងទន្លេសាប គឺជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដ៏មានឥទ្ធិពល និងជាប្រភពអាហាររូបត្ថម្ភយ៉ាងសំខាន់ ដែលទ្រទ្រង់ជីវភាពប្រជាជនរាប់លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ធនធានទាំងនេះកំពុងរងសម្ពាធយ៉ាងខ្លាំងពីការនេសាទហួសកម្រិត ការបាត់បង់ជម្រកពងកូន និងការប្រែប្រួលអាកាសធាតុ។

លោកស្រីបន្ថែមថា បញ្ហានេះពុំអាចដោះស្រាយដោយប្រទេសណាមួយតែឯកឯងបានឡើយ ពោលគឺត្រូវតែមានយន្តការ និងគោលការណ៍ណែនាំថ្នាក់តំបន់រួមមួយ ដែលឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែង។

បើតាមក្រសួងកសិកម្ម នៅក្នុងវគ្គពិភាក្សារយៈពេល៣ថ្ងៃ នៃអង្គសិក្ខាសាលាពិគ្រោះយោបល់នេះ តំណាងប្រទេសនីមួយៗនឹងឡើងធ្វើបទបង្ហាញពីស្ថានភាពជលផល ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធអនុវត្តច្បាប់នៅក្នុងប្រទេសរបស់ខ្លួន។ បន្ទាប់មក អ្នកជំនាញនឹងបែងចែកជាក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖ ការអភិរក្សជីវចម្រុះជលផល ការអនុវត្តច្បាប់ និងការផ្លាស់ប្តូរទិន្នន័យព័ត៌មាន ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមទាំងនេះឱ្យទៅជាសេចក្តីព្រាងគោលការណ៍ណែនាំថ្នាក់តំបន់ ដែលមានយន្តការអនុវត្តច្បាស់លាស់ និងទទួលស្គាល់រួមគ្នា។

គួរបញ្ជាក់ថា ពិធីបើកកម្មវិធីជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានជលផល អ្នកជំនាញជលផល និងប្រតិភូមកពីបណ្តាប្រទេសភាគីនៃអាងទន្លេមេគង្គ រួមមាន៖ ប្រទេសចិន ប្រទេសកម្ពុជា ប្រទេសឡាវ និងមីយ៉ាន់ម៉ា។ ក្រៅពីនោះ អង្គសិក្ខាសាលាក៏មានការចូលរួមសង្កេតការណ៍ផងដែរ ពីតំណាងប្រទេសជប៉ុន និងប្រទេសហ្វីលីពីន ព្រមទាំងអង្គការដៃគូ រួមមាន៖ អង្គការ WWF អង្គការ WCS និងអង្គការ CI៕


Khcct banner

អត្ថបទទាក់ទង