Swift cc time

ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន កំពុងមានសេវា e-Wallet ត្រូវរាយការណ៍ជូនធនាគារជាតិ ក្នុងអំឡុងពេល៩០ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្នាក់ការ ធនាគារជាតិនៃកម្ពុជា។

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយតម្រូវឱ្យអាជីវកម្មនានា—ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ទីកន្លែងកម្សាន្ត និងស្ថានីយប្រេងឥន្ធនៈ ដែលកំពុងមានសេវា e-Wallet តាមរយៈកម្មវិធីទូរស័ព្ទដៃ ឬប័ណ្ណសមាជិក ត្រូវដាក់លិខិតប្រកាសជាលាយលក្ខណ៍អក្សរមកកាន់ធនាគារជាតិក្នុងអំឡុងពេល ៩០ថ្ងៃ។ក្នុងករណី ខកខានមិនបានអនុវត្ត នឹងត្រូវទទួលរងវិធានការផ្លូវច្បាប់។

ធនាគារជាតិនៃកម្ពុជា បានពិនិត្យឃើញថា បច្ចុប្បន្នមានអាជីវកម្មមួយចំនួនមានជាអាទិ៍ ហាងកាហ្វេ ភោជនីយដ្ឋានក្រុមហ៊ុនដឹកជញ្ជូន មជ្ឈមណ្ឌលកម្សាន្ត ស្ថានីយប្រេងឥន្ធនៈ និងប្រភេទអាជីវកម្មមួយចំនួនទៀត បានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអ៊ីវ៉ាឡេត) ក្នុងកម្មវិធីទូរសព្ទចល័ត ឬបណ្ណសមាជិករបស់អាជីវកម្ម ដើម្បីឱ្យអតិថិជន អាចបង្កើតគណនី e-Wallet និងបញ្ជូលទឹកប្រាក់ សម្រាប់ការទូទាត់លើផលិតផល ឬសេវា ក្នុងហាង។

ធនាគារជាតិ បានពន្យល់ក្នុងសេចក្តីជូនដំណឹងពី ច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទាក់ទងនឹងការងារទូទាត់សងប្រាក់ឱ្យអតិថិជនប្រើប្រាស់ ជាផ្នែកមួយនៃប្រតិបត្តិការរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការស្នើសុំ«អាជ្ញាបណ្ណពីធនាគារជាតិ»។តែយ៉ាងណា ដើម្បីសម្រួលដល់វិស័យ SME ធនាគារជាតិ មិនតម្រូវឱ្យម្ចាស់អាជីវកម្មស្នើសុំអាជ្ញាបណ្ណនោះទេ តែត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងពេល៩០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងថ្ងៃទី ៦ សីហា ២០២៦។

ក្នុងករណីខកខានមិនបានអនុវត្តតាមការកំណត ធនាគារជាតិចឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។បន្ថែមពីនេះ ធនាគារជាតិ បានរំលឹកឱ្យសាធារណជន ត្រូវបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការជ្រើសរើសចុះឈ្មោះបង្កើតគណនី e-Wallet ក្នុងកម្មវិធីទូរសព្ទចល័តរបស់អាជីវកម្ម ឬក្រុមហ៊ុនដែលមិនមាន អត្តសញ្ញាជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ ៕



Khcct banner

អត្ថបទទាក់ទង