Yearendyearend1140x150

ឯកឧត្ដមស៊ុន ចាន់ថុល៖«ខ្ញុំចង់ឃើញកូនខ្មែរមានសមត្ថភាពដូចបុព្វបុរសសម័យមុន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកចង់ឃើញកូនខ្មែរយើងជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរសយើងសម័យមុន។ការថ្លែងបែបនេះ ធ្វើឡើងក្នុងពេលឯកឧត្តមអញ្ជើញផ្ដល់កិត្តិយសជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១២ មករា។ 

ថ្លែងក្នុងពិធីសំណេះសំណាលឯកឧត្ដមទេសរដ្ឋមន្ត្រី បានចាត់ទុកការចុះអនុស្សរណៈជាមួយក្រសួងអប់រំ គឺជាប្រវត្តិសាស្ត្រថ្មីនៃ បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី លោកចង់ឃើញកូនខ្មែរយើងជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរសយើងសម័យមុន ដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ ថែមទាំងល្បីល្បាញពាសពេញសកលលោកទៀតផង។ហើយឯកឧត្តមមានមោទនភាពប្រកបដោយទំនុកចិត្តថានិស្សិតខ្មែរនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព និងគុណភាពខ្ពស់ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាសា្ថន​បច្ចេកវិទ្យាកម្ពុជានឹងជ្រើសរើសនិស្សិតចំនួន ២០០នាក់ ដើម្បីសិក្សានៅវិទ្យសា្ថនតេជោសែន សាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រសួងទាំងពីរកំពុងពិភាក្សាលើថ្លៃសិក្សា ឬការផ្ដល់អាហារូបករណ៍។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យើងមានលទ្ធភាពកសាងគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ ប៉ុន្តែកូនខ្មែរទាំងអស់ត្រូវមានឆន្ទៈខ្ពស់ និងមុតស្រួច ក្នុងការយកចំណេះដឹងទាំងនោះទៅបម្រើជាតិមាតុភូមិនៃយើងឱ្យកាន់តែរីកច្រើនរុងរឿង ប្រកបដោយកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង