Swift cc time

លោក ហួត ហាក់៖ «ដូវកាលបៃតង» មិនមែនជាឧបសគ្គ តែជាឱកាសដ៏ល្អមួយក្នុងការស្គាល់កម្ពុជាពីជ្រុងថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងពិធីបិទ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល​បៃ​តង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង 

ស្ទឹងត្រែង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា «ដូវកាលបៃតង» មិនមែនជាឧបសគ្គនៃការធ្វើដំណើរនោះទេ ប៉ុន្តែជាឱកាសដ៏ល្អមួយក្នុងការស្គាល់កម្ពុជាពីជ្រុងថ្មីមួយទៀត គឺ «បៃតងជាងមុន ស្រស់ស្អាតជាងមុន និងពោរពេញដោយបទពិសោធន៍ដែលមិនអាចបំភ្លេចបា។ការថ្លែងរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងពិធីបិទ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល​បៃ​តង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ៖ «សក្កានុពល​អេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០​​២​៦​​»។

ព្រឹត្តិការណ៍ទេសចរណ៍ក្នុង​រដូវកាលបៃតងនេះ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ សាមគ្គីភាព ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី»,«ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី», ជាពិសេស ការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការលើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្ដល់នូវភាពកក់ក្ដៅ, បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្តរបស់ទេសចរមកពីគ្រប់ទិសទីទូទាំងសកលលោក។

លោក ហួត ហាក់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមការងាររដូវកាលបៃតងនៃក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង, ក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ, ​ វិស័យឯកជន, វាគ្មិនកិត្តិយស, សិល្បៈករ សិល្បៈការិនី, អ្នកផលិតមាតិកាព័ត៌មាន, Influencers, KOLs ទាំងអស់ ដែលបានផ្តល់កិច្ចសហការ​រៀបចំ, ឧបត្ថម្ភគាំទ្រ, ចែករំលែកបទពិសោធល្អៗ និងសម្របសម្រួល​សព្វគ្រប់បែបយ៉ាង ដែលជំរុញឱ្យ ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតង ឆ្នាំ២០​២​៦​ ​នៅខេត្តស្ទឹងត្រែង នេះប្រព្រឹត្តទៅ ប្រកបដោយភាព​អធិក​អធម​ សប្បាយ​​រីករាយ និងសម្រេចបានផ្លែផ្កាគួរជាទីមោទ​ន​​ភា​ព។

បើតាមលោក ហួត ហាក់ ការបំប្លែងរដូវ​កា​ល​ «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវសម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រង ពណ៌បៃតងខ្ចីគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធ ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តសៀមរាប ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង» ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃតំបន់បេតិកភណ្ឌ និងវប្បធម៌ខ្មែរ កាន់តែស្រស់បំព្រងនៅក្នុងរដូវកាលបៃតង។

ដំណើររដូវកាលបៃតង បានបន្តមកដល់ទឹកដីខេត្តស្ទឹងត្រែង ជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ ទន្លេ ព្រៃឈើ សហគមន៍ និងសក្តានុពលអេកូទេសចរណ៍ដ៏លេចធ្លោ និងរៀបចំឡើងក្រោមប្រធានបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។ បន្ទាប់ពីនៅខេត្តស្ទឹងត្រែង នឹងបន្តទៅខេត្ត Cluster នៅតំបន់ឆ្នេរ, បន្ទាប់មក នឹងបិទបញ្ចប់ នៅរាជធានីភ្នំពេញ វិញ ជាមួយនឹងប្រធានបទផ្សេងៗ ស្របទៅតាមសក្តានុពលនៃរាជធានី ខេត្តនីមួយៗ៕

Khcct banner

អត្ថបទទាក់ទង