ព្រះវិហារ៖ ប្រជាកសិករនៃសហគមន៍កសិកម្មចំនួន ២៩ ក្នុងខេត្តព្រះវិហារ បានចុះកិច្ចសន្យាទិញ-លក់ផលិតផលសរីរាង្គ ជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលផលិតផលសរីរាង្គទាំងនោះមានដូចជា ស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ផែនការនៃកិច្ចសន្យានេះ ផ្តោតទៅលើការទិញលក់ផលិតផលសរីរាង្គ ដែលក្នុងនោះរួមមាន ស្រូវសរីរាង្គចំនួន ៤០.០០០ តោន ដែលនឹងគ្រោងធ្វើឡើងរវាងសហគមន៍កសិកម្មក្នុងចំនួន ២៩ ដែលគ្របដណ្ដប់ទៅលើកសិករប្រមាណ ៣៥០០ គ្រួសារ ក្នុងខេត្តព្រះវិហារ។
នាព្រឹក ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ។
ក្រសួងកសិកម្ម បញ្ជាក់ដែរថា មកដល់ពេលនេះ កសិករនៅក្នុងខេត្តនេះផលិតនិងលក់ស្រូវសរីរាង្គបានជាង ៤ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយទទួលបានប្រាក់ជាង ១២លានដុល្លារ។ ក្រសួងបន្ថែមថា ដើម្បីធានាថាស្រូវ អង្ករ និងកសិផលផ្សេងៗមានលក្ខណៈសរីរាង្គ ការដាំដុះ និងកែច្នៃ មិនត្រូវមានប្រើប្រាស់សារធាតុគីមី ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ឬបរិភោគ និងដល់បរិស្ថាន ជាពិសេស ទឹក និងដីកសិកម្ម ហើយត្រូវមានការពិនិត្យ និងបញ្ជាក់ដោយក្រសួងកសិកម្ម និងស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ៕