Swift cc time

កម្ពុជា-ឡាវ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជា-ឡាវ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំនិងសីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរវាងប្រទេសទាំងពីរ។ សមិទ្ធផលនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា។

នាឱកាសនេះ លោក ហួត ហាក់ បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ និងកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ» ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវចំណាប់អារម្មណ៍អំពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់គោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជាដែលអាចឱ្យភ្ញៀវទេសចរឡាវអាចធ្វើដំណើរពីខេត្តជាប់ព្រំដែនកម្ពុជាទៅដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដោយចំណាយពេលធ្វើដំណើរតាមរថយន្តតែមួយថ្ងៃទេ។ លោកក៏បានលើកនូវសំណើពិនិត្យលើការសម្រួលភាពងាយស្រួលដល់ប្រជាជននៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ អាចធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ឬ ទៅលេងខេត្តចំប៉ាសាក់ តាមរថយន្តគ្រួសារ។ល។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើសុំកិច្ចសហការពីស្ថានទូតឡាវ ក្នុងការបន្តគាំទ្រការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ការជំរុញទីផ្សារទេសចរណ៍អន្តរជាតិ (Plus-One) និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» (Three Countries, One Destination) រវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ៕


Khcct banner

អត្ថបទទាក់ទង