ភ្នំពេញ៖ ក្រុមអ្នកធុរកិច្ចវិនិយោគ មកពីហុងកុង ម៉ាកាវ ដឹកនាំដោយក្រុមហ៊ុន Sunwah Group ចូលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដោយផ្តោតជាសំខាន់លើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចពហុវិស័យនៅប្រទេសកម្ពុជា។
ជំនួបនេះត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jonathan K S Choi ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sunwah Group នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងលម្អិតអំពីកត្តាសក្តានុពល និងកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តយ៉ាងរឹងមាំជូនដល់វិនិយោគិនបរទេស។
ជាមួយគ្នានេះ លោក Jonathan K S Choi បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺលោកបានដឹកនាំនូវក្រុមធុរជន និងដៃគូវិនិយោគសក្តានុពលជាច្រើនមកពីហុងកុង និងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បីមកសង្កេតមើលដោយផ្ទាល់នូវការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងពោរពេញដោយឱកាសធុរកិច្ចដ៏សម្បូរបែប។
លើសពីនេះ លោកបណ្ឌិត បានសម្តែងនូវបំណងយ៉ាងមុតមាំក្នុងការនាំយកនូវ គម្រោងវិនិយោគសក្តានុពល មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើវិស័យអាទិភាព និងបច្ចេកវិទ្យាទំនើបៗ រួមមាន៖ ១. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិស័យឌីជីថល៖ ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនក្នុងស្រុក។ ២. ថាមពលបៃតង៖ ការវិនិយោគលើប្រភពថាមពលកកើតឡើងវិញ ដើម្បីគាំទ្រចីរភាពបរិស្ថាន។ ៣. ឧស្សាហកម្មថាមពល៖ ការសិក្សាស្រាវជ្រាវលើយុទ្ធសាស្ត្រផ្គត់ផ្គង់ និងលទ្ធភាពក្នុងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងវិស័យនេះ។ ៤. បច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃ៖ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃបែបទំនើប។ ៥. វិស័យអប់រំ និងការបណ្តុះបណ្តាល៖ ការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងទីផ្សារពលកម្មជំនាញ។ ៦. វិស័យថែទាំសុខភាព និងសុខាភិបាល៖ ការចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនានា។
បើតាមCDC កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការផ្ទេរបច្ចេកវិទ្យាទំនើបៗមកកាន់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារជំនាញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕