បន្ទាយមានជ័យ៖ អគារផ្នែកសម្ភពរបស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ដែលជាថវិកាជំនួយឧបត្ថម្ភរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ កម្ពុជា។
អាគារសម្ភព និងរោគស្ត្រី នេះមានទំហំ ១៥x៥០ម៉ែត្រ កម្ពស់ ០១ជាន់ផ្ទាល់ដី ដំបូលក្បឿង ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ចំណាយថវិកាសរុបប្រមាណចំនួន ៣៩៨,៣៩៥.៩៨ ដុល្លារ មិនរួមបញ្ជូលសម្ភារៈបរិក្ខារពេទ្យ។
អគារនេះមានចំនួន ២៨បន្ទប់ បន្ទប់ទឹក១២ ជនពិការចំនួន ០២ វិសាលភាពក្នុងការផ្តល់សេវាសំខាន់ៗដូចជា៖ ១) សម្រាលធម្មជាតិ បូម និងដោយវះកាត់ ២) ការថែទាំព្យាបាលទារកកម្រិតបឋម ៣) ស្រាវជ្រាវមហារីកមាត់ស្បូន ៤) ព្យាបាលរោគស្ត្រី ៥) ចាក់វាក់សាំង ៦) ពន្យាកំណើត ៧) អេកូសាស្រ្ត និង៨) ពិនិត្យផ្ទៃពោះមុន-ក្រោយសម្រាល។
នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភពនាពេលនេះ គឺជាសមិទ្ធផលដែលមានអត្ថន័យលើសពីការបញ្ចប់គម្រោងសាងសង់ ជាងនេះទៅទៀតក៏បានបង្ហាញឱ្យឃើញពីចក្ខុវិស័យរួម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកាន់តែមានគុណភាព ភាពធន់ និងឆ្លើយតបតម្រូវការរបស់ប្រជាជនកាន់តែមានប្រសិទ្ធភាព។
លោកសាស្រ្តាចារ្យបន្តថា អគារសម្ភពនេះ ជាទ្រព្យសម្បត្តិដ៏សំខាន់មួយ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងគុណភាពសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងទារកទើបនឹងកើត ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ និងតំបន់ជាប់ព្រំដែន៕