Swift cc time

ឧកញ៉ាបណ្ឌិត លី រិទ្ធ តំណាងសមាគមឧកញ៉ាកម្ពុជា ចូលរួម «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធានទទួលបន្ទុកប្រចាំខែសីហា បានចាត់តាំង ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ឱ្យតំណាងសមាគម អញ្ជើញចូលរួមពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ចក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅសណ្ឋាគារ សុខា ភ្នំពេញ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកជំនាញ និយ័តករ វិនិយោគិន និងភាគីពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈថ្មីៗ ពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការ និងរួមគ្នាកំណត់ទិសដៅអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។

ក្នុងឱកាសនេះ វេទិកាក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យបរធនបាលកិច្ច ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការគ្រប់គ្រង និងការពារទ្រព្យសម្បត្តិ ការទាក់ទាញលំហូរទុនវិនិយោគ និងការបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

យោងតាមទិន្នន័យដែលបានបង្ហាញក្នុងវេទិកា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ កម្ពុជាមានបរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីស្របច្បាប់ចំនួន ១,៩៩៧ ករណី ជាមួយទំហំបរធនសរុបប្រមាណ ២,៦៩១ លានដុល្លារអាម៉េរិក។ ក្នុងនោះ បរធនបាលកិច្ចអចលនវត្ថុមានចំនួន ១,០២៩ ករណី ខណៈបរធនបាលកិច្ចសេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពមានចំនួន ៨៣៧ ករណី ដែលឆ្លុះបញ្ចាំងពីកំណើន និងការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យនេះនៅកម្ពុជា។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការគាំទ្រការអភិវឌ្ឍវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពង្រឹងការយល់ដឹងរបស់វិស័យឯកជន និងជំរុញបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ទំនុកចិត្ត និងចីរភាព ស្របតាមគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល៕

ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា


Khcct banner

អត្ថបទទាក់ទង